(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់នៅកម្ពុជា មិនថាគ្រូពេទ្យស្ម័គ្រចិត្ត ឬគ្រូពេទ្យណាក៏ដោយ គ្រប់ពេលចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ត្រូវខិតខំបម្រើសេវាជូនពួកគាត់ឲ្យអស់ពីកម្លាំងកាយចិត្ត មិនត្រូវប្រកាន់សាសនា ឬពណ៌សម្បុរឡើយ ពិសេសសម្ដេចបានប្រកាស ហាមឃាត់យ៉ាងដាច់អហង្ការថា មិនត្រូវប្រកាន់និន្នាការនយោបាយចំពោះប្រជាពលរជាដាច់ខាត។
អនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ ត្រូវបានបន្លឺឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។
កំពុងកោតសរសើរពីការខិតខំរបស់ក្រុមគ្រូពេទ្យ TYDA ដែលបានរួបរួមសាមគ្គីគ្នាចុះពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលកន្លងមកនោះសម្ដេចបានដាក់អនុសាសន៍ មួយចំនួនដល់ក្រុមគ្រូពេទ្យ TYDA សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក្នុងនោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើទៅក្រុមគ្រូពេទ្យ TYDA ថា ដាច់ខាតមិនត្រូវប្រកាន់និន្នាការនយោបាយចំពោះប្រជាពលរដ្ឋណាទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសហាមប្រាមយ៉ាងដូច្នេះថា «ហាមឃាត់ការប្រកាន់និន្នាការនយោបាយ ហាមសួរបោះឆ្នោតឲ្យបក្សណា ឬគាំទ្របក្សណា ទោះអ្នកនោះគាំទ្របក្សណាក៏ដោយ ត្រូវតែពិនិត្យព្យាបាលដោយគ្មានការរើសអើង នេះជាតំណមនៃគ្រូពេទ្យស្ម័គ្រចិត្តរបស់ TYDA។ TYDA ត្រូវមានតំណមមួយនេះ បើទោះបីគេធ្លាប់ជេរបញ្ចោរយើងយ៉ាងណាក៏ដោយ នៅពេលដែលគេមកយកសេវាសុខាភិបាលពីយើង យើងត្រូវតែព្យាបាលឲ្យគាត់ដោយពេញចិត្ត បញ្ហាសំខាន់គឺមនុស្សជា។ កុំប្រកាន់និន្នាការនយោបាយឲ្យសោះ បើទោះបីគាត់ធ្លាប់ជេរប្រមាថ យើងយ៉ាងម៉េចក៏ដោយ រឿងសំខាន់គឺត្រូវព្យាបាលឲ្យគាត់បានជា ហើយបើគាត់ជាហើយ ទៅជេរយើងទៀត ថ្ងៃក្រោយគាត់មករកទៀត (រកសេវាសុខាភិបាល) នៅតែព្យាបាលទៀត ឲ្យគាត់ជេរឲ្យអស់ចិត្ត រួចហើយប្រាប់គាត់ថា ដោយសារតែមីងឯងពូកែជេរពេក បានជាឈឺនោះ»។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលថ្លែងបន្តថា ការងារបម្រើសេវាសាធារណៈ មានសេវាសុខាភិបាលជាដើមនោះ មិនអាចយកទៅលាយលំជាមួយរឿងនយោបាយបានឡើយ ហើយមន្ត្រីសុខាភិបាលត្រូវតែបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យបានដិតដល់បំផុត ដូច្នេះគ្មានការប្រកាន់បក្ខពួក គ្មានការរើសអើងសញ្ញាតិ គ្មានការរើសអើងសាសនា គ្មានការរើសអើងពណ៌សម្បុរ ឬគ្មានការប្រកាន់និន្នាការនយោបាយជាដាច់ខាត។
លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមគ្រូពេទ្យថា ក្នុងករណីព្យាបាលជូនអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ ហើយខ្លួនគ្មានសមត្ថភាពព្យបាលនោះដាច់ខាតមិនត្រូវទុក អ្នកជំងឺចោល ឬបណ្ដោយឲ្យអ្នកជំងឺចេញទៅរកកន្លែងព្យាបាលផ្សេងដោយខ្លួនឯងនោះទេ ពោលត្រូវជូនគាត់ទៅរកកន្លែងព្យាបាលណាដែលមានសមត្ថភាពឲ្យបានត្រឹមត្រូវបំផុត ទើបជាក្រមសីលធម៌វិជ្ជាជីវពេទ្យ ហើយក៏ជាសន្ដានចិត្តប្រពៃរបស់ក្រុមគ្រូពេទ្យផងដែរ។ ម្យ៉ាងទៀតក្រុមគ្រូពេទ្យទាំងអស់មិនត្រូវទុកឲ្យអ្នកជំងឺអស់សង្ឃឹមនោះទេ ពោលទោះបីព្យាបាលជា ឬមិនជា ក៏ត្រូវតែប្រឹងប្រែងរកមធ្យោបាយជួយព្យាបាលរាល់អ្នកជំងឺឲ្យអស់ពីលទ្ធភាពដែរ។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការថ្លែងអំណរគុណចំពោះសប្បុរសជន និងប្រទេសនានាដែលតែងតែជួយជ្រោមជ្រែងដល់វិស័យសុខាភិបាល នៅកម្ពុជា និងនៅតែស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសប្បុរសជន និងប្រទេសនានាដែលបន្តការជួយពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា៕