(តាកែវ)៖ ដោយយល់ព្រមតាមថេរដីកាបិណ្ឌបាត្ររបស់ព្រះធម្មធរអនុគណស្រុកគិរីវង់ ព្រះនាម សាំង សារីម កាលវេលាកន្លងទៅ ទើបថៅកែហាងនំប៉័ងដ៏ធំមួយនៅជិតរង្វង់មូលគួរស្រូវ គឺលោក ឈន អ៊ាន និងអ្នកស្រី គឹម ចាន់ថន បានប្រគេននូវព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃធ្វើអំពីថ្មភក់ចំនួន៥ព្រះអង្គ ដែលយកតាមលំនាំក្បួនខ្នាត «ជ័យភូមិខ្មែរ» សរុបតម្លៃជាង៥ម៉ឺនដុល្លារអាមេរិក សម្រាប់តម្កល់ទុកជាទីសក្ការ ក្នុងវត្តពោធិគិរិវង្សា ហៅវត្តពោធិរោង ស្ថិតក្នុងភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងហាងនំប៉័ងរបស់ខ្លួន ដែលស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ទល់មុខបន្ទាយទាហានភូមិភាគពិសេស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជិតដល់រង្វង់មូលគួរស្រូវ) នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ លោក ឈន អ៊ាន បានបញ្ជាក់ថា ព្រះពុទ្ធប្បដិមាទាំង៥ព្រះអង្គខាងលើ ត្រូវបានព្រះធម្មធរអនុគណស្រុកគិរីវង់ សាំង សារីម ដែលជាព្រះចៅអធិការក្នុងវត្តវត្តពោធិរោងតែម្ដងនោះ បានរួមគ្នាជាឯកច្ឆ័នជាមួយលោក និងភរិយា រួមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ប្រារព្ធពិធីពុទ្ធិភិសេកជាផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ម្សិលមិញ ក្នុងវត្តពោធិរោងផ្ទាល់តែម្ដង។
លោកថៅកែដ៏មានចិត្តសប្បុរសរូបនេះ បានបន្តថា ការរចនាលម្អព្រះពុទ្ធប្បដិមាដ៏ធំនេះឡើង គឺលោកបានជួលជាងចម្លាក់ដ៏ចំណាននៃសាលាភូមិន្ទវិចិត្រសិល្បៈ ដាប់ឆ្លាក់យ៉ាងល្អល្អះលើព្រះពុទ្ធប្បដិមានេះ ដែលមានទម្ងន់ធ្ងន់បំផុត ៥០តោន នៅភ្នំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីឆ្នាំ២០១៥។ ព្រះពុទ្ធប្បដិមាអង្គធំជាងគេទ្រង់គង់សមាធិ ១ព្រះអង្គ ព្រះពុទ្ធប្បដិមាទ្រង់ផ្ចាញ់មារ ២ព្រះអង្គ និងព្រះពុទ្ធប្បដិមាទ្រង់បិណ្ឌបាត្រ ២ព្រះអង្គទៀត។
ជាមួយនឹងទឹកមុខញញឹមត្រេកអរ លោក ឈន អ៊ាន បានបន្តថា ស្រុកគិរីវង់ជាស្រុកកំណើតរបស់លោក ទើបលោក និងក្រុមគ្រួសារ បានចូលជាសទ្ធាជ្រះថ្លាក្នុងការប្រគេនព្រះពុទ្ធប្បដិមានេះ។
លោកបានបញ្ជាក់ថា នៅក្នុងព្រះពុទ្ធប្បដិមាចំនួន៥ព្រះអង្គនេះ ទី១.តំណាងឱ្យ និងដាក់ឈ្មោះលោកឪពុកអ្នកម្តាយបង្កើតរបស់លោក ទី២.តំណាងឱ្យ និងដាក់ឈ្មោះលោកឪពុកអ្នកម្តាយក្មេករបស់លោក ទី៣.តំណាងឱ្យ និងដាក់ឈ្មោះក្រុមគ្រួសារកូនចៅរបស់លោក និងទី៥.តំណាងឱ្យប្អូនៗព្រមទាំងញាតិសណ្ដានរបស់លោក។
ក្នុងពិធីពុទ្ធិភិសេកកាលពីម្សិលមិញនោះ ទាំងព្រះចៅអធិការវត្តពោធិរោង និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានបង្ហាញនូការសប្បាយរីករាយយ៉ាងខ្លាំង និងជូនពរឲ្យជ័យដល់លោកថៅកែ ឈន អ៊ាន និងក្រុមគ្រួសារ សូមទទួលបាននូវមហាអានិសង្សដែលលោកបានធ្វើនាពេលនេះ ព្រមទាំងបង្ហាញនូវការពេញចិត្តចំពោះព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃទាំង៥ព្រះអង្គនោះយ៉ាងខ្លាំង។
គួរបញ្ជាក់ថា លោក ឈន អ៊ាន និងអ្នកស្រី គឹម ចាន់ថន ធ្លាប់បានបរិច្ចាគធនធានផ្ទាល់ខ្លួនជាបន្តបន្ទាប់ តាមរយៈការនាំលោកយាយលោកតាចាស់ៗទៅកម្សាន្តនៅសៀមរាប-អង្គរ និងសកម្មភាពមនុស្សធម៌មួយចំនួន។ ម្យ៉ាងទៀត ក្នុងអាជីវកម្មរកទទួលទាននាពេលបច្ចុប្បន្ន លោកក៏បានផ្ដល់ការងារដល់យុវជនប្រុសស្រីប្រមាណជាង១០០នាក់ផងដែរ៕