(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលមានបទពិសោធន៍នយោបាយយ៉ាងឆ្អែតឆ្អន់នោះបានប្រកាសថា ក្រុមអ្នកនយោបាយប្រឆាំង កំពុងតែដើរតាមអ្វីដែលសម្ដេចគូសឲ្យ ហើយខ្លួនឯងគ្មានគោលនយោបាយ និងគោលការណ៍កំណត់ច្បាស់លាស់ ពោលដើរតាមអ្វីដែលគេញាក់។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា តាំងពីដើមរហូតមកហើយ ដែលក្រុមអ្នកនយោបាយប្រឆាំងតែងតែដើរតាមអ្វីដែលសម្ដេចកំណត់ ជាក់ស្ដែង រឿងដុតរូបទីមោង នៅប្រទេសអូស្ដ្រាលី និងកាណាដាជាដើម ដែលកត្ដាទាំងនេះហើយ ទើបធ្វើឲ្យក្រុមប្រឆាំងទាំងនោះមិនដែលស្គាល់ពាក្យថាជោគជ័យ ហើយរឿងដុតរូបនេះ ប្រទេសគេធ្វើច្រើនណាស់ហើយវាមិនមានអីចម្លែកទេ។
ការមានប្រសាសន៍ខាងលើនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ឬ TYDA នៅសាលមហោស្រពកោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «វាប្រមូលផ្ដុំវៃខ្ញុំវាចង់ឲ្យខ្ញុំប្ដឹង ប៉ុន្ដែអ្នកត្រូវយល់រុញម៉ាឈុច អានោះភ្លេចគិតការងារអីទាំងអស់ ដើរតែដុតរូប ហ៊ុន សែន ខ្ទេច ចឹងអ្នកឯងលេងល្បែង ហ៊ុន សែន គូសឲ្យលេងតើ។ និយាយតាមឲ្យពិត ថ្ងៃនេះបញ្ជាក់ឲ្យអ្នកឯងទៅអ្នកឯងចាញ់កល្បិច ហ៊ុន សែន ហើយនៅលើលោកនេះ មានការដុតទីមោង បើរូប គឹម ជុងអ៊ុន ដុតផងយកអីមកគូសកាប់ចាក់ផង»។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា កាលនោះសម្ដេចនិយាយរឿងទិដ្ឋភាពស្រុកខ្មែរសោះថា អ្នកណាដែលហ៊ានដុតរូបរបស់សម្ដេច សម្ដេចនឹងតាមវៃដល់ផ្ទះ ប៉ុន្ដែប៉ុន្មានថ្ងៃនេះបែរជាអ្នកនៅប្រទេសក្រៅ អត់មានបានធ្វើអ្វីទេ គិតតែពីដុតរូបសម្ដេចតែម្ដង។ សម្ដេចបន្ដថា បើមិនទាន់ប្រាកដទេ មិនមានគោលនយោបាយច្បាស់លាស់ទេ កុំអាលលេងជាមួយសម្ដេច ព្រោះក្រុមនយោបាយប្រឆាំងស្ទើរភ្លើងខ្លាំងណាស់។
ឆ្លៀតក្នុងឱកាសនោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានរំដោះប្រទេសចេញពីភ្លើងសង្គ្រាម ហើយមានសន្ដិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ បានរំលេចថា ដរាបណាមេដឹកនាំបក្សប្រឆាំងមិនទាន់ទៅណា សម្តេចនឹងមិនឈប់ដឹកនាំប្រទេសនោះឡើយ ព្រោះមានតែសម្តេចទើបអាចទប់ស្ថានការណ៍ ប្រទេសពីការបង្កអស្ថេរភាពដែលបង្កឡើង ដោយអតីតមេដឹកនាំបក្សប្រឆាំង។
និយាយដល់ចំណុចនេះ សម្ដេចក៏ឈ្លៀតឌឺដងដល់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចពីសំណាញ់ច្បាប់កម្ពុជាថា បានបញ្ចប់ហើយឬនៅ នូវនយោបាយ «មានស៊ី អត់សែន មានសែន អត់ស៊ី» នោះ បើមិនទាន់បញ្ចប់ទេសម្ដេចនឹងនៅកំដរលេងជារៀងរហូត។
យ៉ាងណាក៏ដោយ សម្ដេចក៏បានបង្ហើបផ្លូវនយោបាយថ្មីមួយទៀតផងដែរ ដែលសម្ដេចនៅតែបើកទ្វារចំហរ ទៅលើកិច្ចការសន្ទនាខាងនយោបាយ ជាមួយអ្នកណាក៏ដោយ ដែលមិនជាប់ពាក់ព័ន្ធផ្លូវច្បាប់ តែអ្នកជាប់ពាក់ព័ន្ធផ្លូវច្បាប់មិនអាចសន្ទនានោះឡើយ ពោលគឺអ្នកពាក់ព័ន្ធផ្លូវច្បាប់ ទុកឲ្យស្ថាប័នតុលាការជាអ្នកចាត់ការចុះ សម្ដេចមិនលូកលាន់ទេ។
សូមរំលឹកថា រឿងដុតរូបទីងមោងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ធ្លាប់បានចំអកដល់ជនជ្រុលនិយមមួយចំនួន នៅប្រទេសអូស្រ្តាលី ដែលបានដុតទីងមោង និងរូបថតរបស់សម្តេច ដែលការដុតដោយប្រើរូបសម្តេចបែបនេះ មិនមានប្រសិទ្ធភាពខាងអបិយជំនឿទេ បើចង់ឲ្យមានប្រសិទ្ធភាពនោះ លុះត្រាតែពួកខ្មែរជ្រុលនិយមនៅក្រៅប្រទេសទាំងនោះ ដុតរូបនាគទាំងអស់ នៅតាមទីវត្តអារ៉ាម។
ការយកទីងមោង និងរូបថតសម្តេចទៅដុតបែបនេះ បែរជាមិនបានធ្វើឲ្យសម្តេចក្តៅក្រហាយអ្វីនោះទេ ប៉ុន្តែបែរជាធ្វើឲ្យរងារស្រួលទៅវិញ ព្រោះបារមីរបស់សម្តេចបានផ្ញើនៅនឹងរូបនាគ នៅទីវត្តអារ៉ាម មិនមែននាគខាងក្រៅនោះទេ ហើយបើគ្រាន់តែយកនាគដុតនៅខាងក្រៅ ក៏មានប្រសិទ្ធភាពដែរ។ នេះជាការឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន៕