(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្តែងជើងចាស់ អ្នកស្រី ស៊ិន ឧត្តមផល្លា ទោះបីជាបានបាត់រសាត់ខ្លួនមួយរយៈ ពីពិភពសិល្បៈក៏ដោយ ក៏នៅតែមានទស្សនិកជនជាច្រើន ពេញនិយមនឹងទេពកោសល្យ សមត្ថភាពផ្នែកសិល្បៈ របស់អ្នកនាងដែរ ខណៈថ្មីៗនេះ នាងបានលេចមុខសារជាថ្មី ក្នុងវិស័យសិល្បៈ ដោយបានសម្តែងក្នុងខ្សែភាពយន្តល្បីៗ ជាច្រើនផងដែរ។ យ៉ាងណាមិញ បើងាកមករកជីវិតឯកជនវិញ បច្ចុប្បន្ននេះ អ្នកស្រី ស៊ិន ឧត្តមផល្លា ហាក់មានភាពស្ងប់ស្ងាត់ ក្រោយស្វាមីរបស់នាង បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរចារណ៍រួចមក។

ជាមួយគ្នានេះ ទស្សនិកជននៅតែមិនទាន់ដឹងនៅឡើយ ថាតើជីវិតជាស្រ្តីមេម៉ាយ របស់អ្នកស្រី ស៊ិន ឧត្តមផល្លា បានឆ្លងកាត់នូវទុក្ខលំបាកអ្វីខ្លះ? ទស្សនិកជនដឹងត្រឹមតែ ការងារសិល្បៈ និងមុខរបររកស៊ី របស់អ្នកស្រីតែប៉ុណ្ណោះ ខណៈរឿងរ៉ាងអាថ៌កំបាំង ដែលទស្សនិកជនទន្ទឹងរង់ចាំជាច្រើននេះ អ្នកស្រី ស៊ិន ឧត្តមផល្លា នឹងចូលខ្លួនមកបកស្រាយ ក្នុងបទសម្ភាសន៍ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ ក្នុងផេក Fresh News TV និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែមីនានេះ។

ជាការកត់សម្កាល់ គេសង្កេតឃើញថា អ្នកស្រី ស៊ិន ឧត្តមផល្លារ បន្ទាប់ពីប្រឡូកខ្លួនក្នុងវិស័យសិល្បៈវិញ អ្នកស្រីហាក់មានភាពលេចធ្លោល្មម ដោយរាល់កម្មវិធីតូចធំនានា តែងតែឃើញមុខអ្នកស្រីរហូត។ ជាងនេះទៅទៀត អ្នកស្រីក៏មានវត្តមាន ក្នុងខ្សែភាពយន្តខ្មែរធំមួយចំនួន ដូចជារឿង «រាជនីភូមិគ្រិះ» របស់ផលិតកម្មហង្សមាសជាដើម ដោយក្នុងនោះ អ្នកស្រី បានដើរជាតួអង្គម្តាយរបស់លោក ណុប បញ្ញារិទ្ធ។

យ៉ាងណាមិញ ទន្ទឹមនឹងការងារ ហាក់មានភាពជោគជ័យហើយនេះ អ្នកនាងកំពុងតែត្រូវបានទស្សនិកជនជាច្រើន មានមន្ទិលថា មកទល់នឹងបច្ចុប្បន្ននេះ តើអ្នកនាងមានសុខទុក្ខយ៉ាងណាហើយ ចំពោះរឿងរ៉ាវគ្រួសារ ពោលគឺតាំងពីស្វាមី ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មក មានបុរសណាចាប់ចិត្តដែរឬទេ?

ពាក់ព័ន្ធនឹងរឿងនេះ ដើម្បីជម្រះនូវមន្ទិល របស់ទស្សនិកជន អ្នកស្រី ស៊ិន ឧត្តមផល្លា នឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យទស្សនិកជន ជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ទី ០៣ ខែមិនា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៤ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕