(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងពន្យល់ពីការពិតជាក់ស្តែង នៃអត្រាបំណុលរបស់កម្ពុជា ថាស្ថិតក្នុងស្ថានភាពការពារដ៏រឹងមាំ មិនមានបញ្ហាអ្វីនោះឡើយ។
ការថ្លែងរបស់សម្តេចតេ ជោនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីញឹកញ៉យ មានជនអគតិមួយចំនួនតូច ដែលរស់នៅបរទេស បានឃោសនាបោកប្រាស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសថា ពលរដ្ឋកម្ពុជាកើតមកភ្លាម ជំពាក់បំណុលគេត្រដរខ្លួនមិនរួច ប៉ុន្តែត្រូវបានសម្តេចចេញមកទាត់ចោល។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាគមគ្រូពេទ្រស្ម័គ្រចិត្តយុវជន សម្ដេចតេជោ នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងែទី០២ ខែមីនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសនៅលោកយើងនេះ គ្មានប្រទេសណាមួយ ដែលមិនជាប់បំណុលបរទេស លើកលែងតែប្រទេសប្រុយណេប៉ុណ្ណោះ ក្នុងតំបន់របស់យើង។ តាមស្តង់ដារជាទូទៅ អនុបាតបំណុល គឺប្រទេសនីមួយៗអាចខ្ចីបំណុលបានត្រឹម ៤០ភាគរយ នៃផលិតផលរបស់ជាតិ (GDP)។ កម្ពុជាអនុបាតបំណុលរបស់យើង ដែលលទ្ធភាពត្រូវខ្ចីដល់៤០ភាគរយ តែយើងមានខ្ចីត្រឹមតែ២២ភាគរយប៉ុណ្ណោះ ដែល២២ភាគរយនេះ គិតបញ្ចូលទាំងបំណុលចាស់របស់អាមេរិក និងបំណុលចាស់របស់រុស្ស៊ី»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ប្រទេសខ្លះ នៅក្នុងតំបន់របស់យើង ជំពាក់គេរហូតដល់១២០ភាគរយ ហើយប្រទេសខ្លះទៀត ជំពាក់គេរហូតដល់២០០ភាគរយ នៃអនុបាតបំណុលទៅហើយ។ សាកសួរប្រទេសបារាំងទៅមើល ប្រជាជនម្នាក់ជំពាក់គេជាង៥ម៉ឺនដុល្លារ ពួកប្រឆាំងស្អីឡើង កូនខ្មែរកើតឡើង ភ្លាមជំពាក់គេជាង២០០ដុល្លារ ប៉ុន្តែអាអ្នកនិយាយនោះ វានៅក្នុងប្រទេសមួយ ដែលមនុស្សកើតឡើងភ្លាម ជំពាក់គេជាង៥ម៉ឺនដុល្លារ តែវាអត់គិត វានឹកស្មានថាខ្មែរមិនចេះគិត។ ពលរដ្ឋអាមេរិកម្នាក់ ជំពាក់គេជាង៤ម៉ឺនដុល្លារ ឯយើងទើបនឹងប៉ុន្មានរយ តែយើងត្រូវតែបន្តការគ្រប់គ្រង យើងមានច្បាប់របស់យើងចង។ យើងសុខចិត្តធ្វើមុខក្រាសបន្តិចសោះ គឺសុំ ប៉ុន្តែសុំតែរបស់ណា ដែលយកមកបំរើឲ្យជំរុញ នូវល្បឿននៃកំណើនសេដ្ឋកិច្ច»។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា បើទោះបីជាសេដ្ឋកិច្ចរបស់កម្ពុជា បានឈានដល់កម្រិតមួយ ដែលត្រូវខ្ចីលុយពីបរទេស ក្នុងអត្រាការប្រាក់ពាណិជ្ជកម្មក៏ដោយ ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ស្នើសុំឲ្យមានការអនុគ្រោះនោះ ទើបដៃគូអភិវឌ្ឍន៍នៅតែបន្ត ឲ្យកម្ពុជាខ្ចីក្នុងអត្រាការប្រាក់អនុគ្រោះ (ឥណទានសម្បទាន) ដដែល៕