(ភ្នំពេញ)៖ រយៈពេល ២ថ្ងៃចុងក្រោយនេះ មានព័ត៌មានដ៏រសើបមួយ បាននឹងកំពុងផ្ទុះឡើងលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជុំវិញរឿងជិះម៉ូតូចូលពហុកីឡដ្ឋានជាតិរវាងមន្ដ្រី និងមហាជន រហូតមានការចូលរួមអន្តរាគមន៍ពីសំណាក់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡាទៀតផង។ ក្នុងនោះមន្ដ្រី និងកីឡាករមួយចំនួន មិនត្រូវបានអនុញ្ញាតឲ្យជិះម៉ូតូចូល តែប្រជាពលរដ្ឋមួយចំនួន អាចជិះម៉ូតូចូលបាន ដោយគ្រាន់តែបង់ប្រាក់ ១,០០០រៀល។ នេះបើយោងតាមប្រភពខាងក្រោម។
ផ្ដើមចេញពីអ្នកសារព័ត៌មានមួយរូប ដែលបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញបានសរសេរថា «នៅព្រឹកនេះហេងណាស់ ជិះម៉ូតូចូលយកព័ត៌មាននៅពហុកីឡដា្ឋនអូឡាំពិកត្រូវក្រុមសន្តិសុខមិនឲ្យចូល ដោយនិយាយប្រាប់អ្នកសារព័តមានហើយ នៅមិនឲ្យចូលទៀត ប៉ុន្តែអ្នកលេងល្បែងស៊ីសង និងអ្នកហាត់ប្រាណឲ្យចូលពហុកីឡដា្ឋនដោយសេរី។ ចំណែកឡានក្រុងធំ ព្រមទំាំងឡាននានាមកពីបណ្តាក្រុមហ៊ុន ពិសេសឡានមួយចំនួនចតចោលរាប់ខែ អ្នកទទួលខុសត្រូវក្នុងស្តាតមិនដែលសួរម្ចាស់ឡានឡើយ នេះសបញ្ជាក់ថា ពហុកីឡដា្ឋនអូឡាំពិក ក្លាយជាកន្លែងចំណតឡានដ៏ពេញនិយមបំផុតក្នុងរាជធានីភ្នំពេញ»។
ក្រោយការបង្ហោះខាងលើ គេឃើញមានមន្ដ្រី កីឡាករ និងមហាជនមួយចំនួន បានបង្ហាញអារម្មណ៍ដូចគ្នាផងដែរ ដោយអះអាងថា សូម្បីខ្លួនជាមន្ដ្រី និងជាកីឡាករ ក៏មិនត្រូវបានអនុញ្ញាតឲ្យជិះម៉ូតូចូលហ្វឹកហាត់ដែរ។ តួយ៉ាងដូចជាគ្រូបង្វឹកប្រដាល់គុនខ្មែរលោក ឡុង សាលីន (Long Selin) បានសរសេរថា «សូម្បីតែខ្ញុំជាគ្រូចូលក្នុងអូឡាំពិក ក៏គេទារលុយដែរព្រឹកមិញ»។ រីឯគណនីហ្វេសប៊ុកមួយទៀត ដែលបង្ហោះកាលពីព្រឹកមិញឈ្មោះ Pel Vanny ដែលជាកីឡាសូហ្វតិន្នីសបានសរសេរថា «ស្ដាតអូឡាំពិក ខ្ញុំកីឡាករមកហាត់អោយជាតិ តែមិនអោយខ្ញុំជិះម៉ូតូចូលហាត់ទេ ក្នុងមួយថ្ងៃហាត់ពីរពេល តែអ្នកវ៉ៃបាល់ទះស៊ីលុយ អោយជិះចូលលេង នឹងគិតម៉េចដែរបងប្អូនខ្មែរ»។
ដោយឡែកលោក ចេង ចាន់ដារ៉ា (Cheng Chandara) មន្ដ្រីអាជ្ញាកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះសារស្រដៀងគ្នាកាលពីល្ងាចមិញថា «សូមមេត្តាធ្វើឲ្យចេះគិត ចេះពិចារណា ហើយនឹងគ្រប់គ្រងបុគ្គលិកក្រោមបង្គាប់ និងឲ្យបានច្បាស់លាស់សម្រាប់មន្ត្រីដឹកនាំ និងរៀបចំការងារទូទៅនៅក្នុងពហុកីឡដ្ឋានមិនអនុញ្ញាតឲ្យចូលទេម៉ូតូ តែបើភ្ញៀវមកទស្សនា ឬក៏មកកម្សាន្តអាចជិះចូលបានដោយគ្រាន់តែបង់ប្រាក់ ១,០០០រៀលមិនចាំបាច់ផ្ញើម៉ូតូ ឬក៏កឹបសំបុត្រទេ សម្រាប់ខ្ញុំជាមន្ត្រីត្រូវផ្ញើម៉ូតូ ហើយបង់ប្រាក់ ១,០០០រៀលទៀត។ សួរថាតើការគ្រប់គ្រងរបស់អស់លោកធ្វើបានត្រឹមត្រូវទេ សូមពិចារណា និងកែតម្រូវឡើងវិញ។ សូមអរគុណបើសិនជាការនិយាយទៅមានកំហុសឆ្គង សូមអភ័យទោសផង»។
អ្វីដែលកាន់តែពិសេសនោះ គឺលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានសរសេរថា «សូម្បីតែអាងហែលទឹកនូវគេចង់ដាក់ដេញថ្លៃ និងអីគិតពីកីឡា»។ ឆ្លើបតបនឹងការកើតទុក្ខមិនសុខចិត្តរឿងសន្ដិសុខក្រុមហ៊ុនឯកជននៃពហុកីឡដ្ឋានជាតិ ដែលមិនអនុញ្ញាតឲ្យជិះម៉ូតូចូល លោក អ៊ុក សិទ្ធិជាតិ ដែលជាសេនាធិការរបស់ក្រសួងអប់រំ បានឆ្លើយតបនឹងអ្នកសារព័ត៌មាន មន្ដ្រី និងកីឡាករខាងលើថា «ចាំធ្វើ Pass អោយលោក Philipe Lee ជិះម៉ូតូឡើងដល់លើវេទិកាយកព័ត៌មានផង...។ លោក ហែម គិរី ក៏អញ្ចឹងដែរ បើចង់បាន Pass VIP បើកឡានឡើងលើអាងទឹកធ្វើឲ្យគាត់ផង...។ ទាល់តែរួមគ្នា ទើបមានសណ្ដាប់ធ្នាប់ល្អ រវាងអ្នកគ្រប់គ្រង និងភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋ បញ្ហាខ្លះមកពីមិនយល់គ្នា...»។
យ៉ាងមិញ បើទោះបីមានការឆ្លើយតបពីសំណាក់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡាខាងលើក្ដី ប៉ុន្ដែលោកមិនបានបង្ហាញពីគោលការណ៍ក្នុងការចេញ-ចូលពហុកីឡដ្ឋានជាតិនោះទេ បើទោះបីកន្លងមកធ្លាប់មានករណីចោរកម្មវាយមន្ដ្រីគណនីរបស់អគ្គនាយកដ្ឋានកីឡាយកសម្ភារៈមានតម្លៃ និងថវិកាមួយចំនួនក៏ដោយ។ បន្ថែមលើនេះ មានមន្ដ្រីមើលការខុសត្រូវពហុកីឡដ្ឋានជាតិម្នាក់ បាននិយាយសុំមិនបញ្ចេញឈ្មោះថា គោលការណ៍ថ្មីក្នុងពហុកីឡដ្ឋានជាតិបច្ចុប្បន្ន សូម្បីលោកផ្ទាល់ក៏មិនដឹងដែរ។ តែអ្វីដែលោកចាប់អារម្មណ៍មួយរយៈពេលចុងក្រោយនេះ មានរថយន្ដជាច្រើន បានយកមកផ្ញើក្នុងពហុកីឡដ្ឋានជាតិ ធ្វើឲ្យពិបាកដល់ការហាត់ប្រាណរបស់មហាជន។ លើសពីនេះ ក៏មានការបង្កើតតូបជួលសម្រាប់លក់របស់ហូបចុកជាច្រើន អមដោយការដំឡើងតម្លៃកប់ក្ដោងទៀតផង៕