(ភ្នំពេញ)៖ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម បានបង្ហាញមោទនភាព និងក្តីរំភើប ចំពោះក្រម៉ាវែងជាងគេលើពិភពលោករបស់ខ្មែរ តាមរយៈចំណារនៅលើបាដាដែលមានខ្លឹមសារថា «ខ្ញុំមានមោទនភាព និងឯកសិទ្ធិក្នុងការចូលរួម ជឿជាក់ថាខ្មែរធ្វើបាន»។
លោករដ្ឋលេខាធិការ បានបង្ហាញអារម្មណ៍ដូច្នេះ ក្នុងឱកាសដឹកនាំសមាជិក-សមាជិកា ចូលរួមកម្មវិធីបំបែកឯកទគ្គកម្មក្រម៉ាវែងជាងគេលើពិភពលោក ប្រវែង ១០០០ម៉ែត្រ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ជឿថាខ្មែរធ្វើបាន» នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបរិវេណសួនច្បារនៃវាលព្រះមេរុ ក្បែរព្រះបរមរាជវាំង។
កម្មវិធីនេះ គឺជាសក្ខីកម្មមួយនៅក្នុងចំណោមលទ្ធភាពជាច្រើន ដែលប្រជាជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈ អាចរួបរួមគ្នាធ្វើបាន ដើម្បីលើកតម្កើងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ហើយត្រូវបានរៀបចំឡើងចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។
នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការ មិនត្រឹមតែធ្វើការស្វែងយល់ពីរបៀបត្បាញប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមត្បាញដោយផ្ទាល់នូវក្រម៉ា ដែលជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់និន្នាការ ឋានៈសង្គម និងសាសនា ដើម្បីបង្ហាញពីការចូលរួមគាំទ្រ និងទឹកចិត្តស្រលាញ់ក្រម៉ា ដែលជាអត្តសញ្ញាណជាតិ និងដើម្បីរំលឹកដល់ភាពអំណត់តស៊ូ និងសេចក្តីព្យាយាមរបស់សិប្បករតម្បាញក្រម៉ា នៅក្នុងប្រទេសកម្ពុជា។
កម្មវិធីបំបែកឯកទគ្គកម្មក្រម៉ាវែងជាងគេនៅលើពិភពលោក មានគោលបំណងបំផុសស្មារតីជាតិនិយមរបស់ប្រជាជនខ្មែរ តាមរយៈការកសាងជំនឿចិត្តប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីបង្កើនសមត្ថភាព សក្តានុពល និងកាលានុវត្តភាពក្នុងការរួមគ្នា សម្រេចនូវស្នាដៃថ្មីដែលជាមោទនភាពសម្រាប់ប្រទេសជាតិទាំងមូល។ កម្មវិធីតម្បាញក្រម៉ាដ៏វែងជាងគេនះ មានធ្វើឡើងរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់ ហើយសាធារណជន អាចចូលរួមបានដោយសេរី៕