(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី សហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនស្ត្រីជាជាង និងកូនជាងកាត់ដេរ ចំនួន៧នាក់ របស់ហាងកាត់សម្លៀកបំពាក់យីហោ «អេលីត ឡាហ្គា» មានទីតាំងនៅក្នុងខណ្ឌសែនសុខពាក់ព័ន្ធករណីលួច និងរំលោភលើទំនុកចិត្ត ពោលបានលួចកាត់សម្លៀកបំពាក់ឲ្យភ្ញៀវ ជាលក្ខណៈឯកជន ដោយយកថ្លៃធូរជាងកាត់នៅហាង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ ជៀម ស្រីម៉ិច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេជាងកាត់ដេរ ទីលំនៅផ្ទះជួលលេខ៩៩អា ផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងកូនជាងកាត់ដេរចំនួន៦នាក់ទៀត។
សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ ធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ម្ចាស់ហាងកាត់សម្លៀកបំពាក់ អេលីត ឡាហ្គា មានទីតាំងផ្ទះលេខ២៦ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមសមត្ថកិច្ច កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងកូនជាងទាំង៦នាក់ទៀត ដែលបម្រើការងារនៅក្នុងហាង កាត់សម្លៀកបំពាក់ «អេលីត ឡាហ្គា» បាននាំគ្នា លួចយកសម្ភារកាត់សម្លៀកបំពាក់ជាច្រើនមុខ ពីក្នុងហាងរបស់ជនរងគ្រោះ ទៅលួចកាត់ដេរសម្លៀកបំពាក់ឱ្យភ្ញៀវជាលក្ខណៈឯកជន នៅក្នុងផ្ទះជួលដែលម្ចាស់ហាង អេលីត ឡាហ្គា ជួលឱ្យឈ្មោះ ជៀម ស្រីម៉ិច ជាមេការ និងបក្ខពួកស្នាក់នៅ ដោយយកម៉ូតតាម ហាង អេលីត ឡាហ្គា ប៉ុន្តែយកតម្លៃធូរថ្លៃជាង ជាការប៉ះពាល់ដល់ចំណូលរបស់ហាង។
សមត្ថកិច្ចបន្ថែមថា ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងបក្ខពួក បានធ្វើសកម្មភាពលួចយកសម្ភារកាត់ដេរសម្លៀកបំពាក់របស់ហាង អេលីត ឡាហ្គា ទៅលួចដេរសម្លៀកបំពាក់ឱ្យភ្ញៀវ យកតម្លៃទាបជាងហាង តាំងពីអំឡុងឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្តែម្ចាស់ហាងអាណិត និងហៅធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារ ឱ្យពួកគេឈប់ធ្វើបែបនោះតទៅទៀត តែក្រុមជនសង្ស័យ នៅតែបន្តធ្វើដដែល ទើបម្ចាស់ហាង ដាច់ចិត្តប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តងទៅ។
បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕