(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន និងបង្ក្រាបបទល្មើសនានាឲ្យមានប្រសិទ្ធិភាព។
បញ្ជារបស់លោកស្នងការខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបើកបូកសរុបការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គមប្រចាំឆ្នាំ ឆ្នាំ២០១៧ និងលើកទិសទិសដៅការងារឆ្នាំ២០១៨ របស់ស្នងការនគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន លើកឡើងថា ឆ្លងតាមរយៈព្រឹត្តិការណ៍នយោបាយក្នុងប្រទេសកន្លងមក យើងទាំងអស់គ្នាបានយល់ច្បាស់ជ្រួតជ្រាបទាំងអស់គ្នាហើយ គឺអតីតគណបក្សសង្គ្រោះជាតិ បានបំផុសធ្វើការញុះញុងប្រជាពលរដ្ឋឲ្យបង្កនូវបញ្ហាអសន្តិសុខផ្សេងៗ ដូចជាការរំលោភដីធ្លីដោយខុសច្បាប់ ក៏ដូចជាបញ្ហាតវ៉ាផ្សេងៗទៀត។
ដោយអនុវត្តន៍តាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជាយើង និងផ្អែកតាមរដ្ឋធម្មនុញ្ញ បានចាប់ខ្លួនអតីតមេបក្សប្រឆាំង និងបានហាមឃាត់ថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន១០៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ទើបធ្វើឲ្យស្ថានការនយោបាយក្នុងប្រទេសមានភាពល្អប្រសើរឡើងវិញ។
ក្នុងឱកាសនោះផងដែរ លោកស្នងការនគរបាលខេត្តព្រះវិហារ បានដាក់ទិសដៅការងារ និងយោងតាមផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរបស់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។
ក្នុងនោះត្រូវពង្រឹងវិធានការរក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម បង្ការ ទប់ស្កាត់ទាន់ពេលវេលា ការតវ៉ាទាមទា ពីបញ្ហាផ្សេងៗ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឧក្រិដ្ឋកម្មឆ្លងដែន និងការបំផុសចលនាបង្កការ ចលាចលផ្សេងៗក្នុងសង្គម។ តាមដានសភាពការណ៍ ប្រមូលព័ត៌មាន និងការពារសន្តិសុខ សុវត្ថិភាពជូនគណបក្សនយោបាយ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ ក្តាប់ និងគ្រប់គ្រងរាល់សកម្មភាពរបស់បណ្តាសហគមន៍ សមាគម និងអង្កការក្រៅរដ្ឋាភិបាល ការពារ និងគ្រប់គ្រងក្រុមហ៊ុនវិនិយោគទុនស្របច្បាប់ ដែលមានទីតាំងក្នុងភូមិសាស្ត្រខេត្ត និងបន្តអនុវត្តផែនការលេខ០១៦ របស់អគ្គស្នងការនគរបាលជាតិ៕