(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាសិទ្ធិអន្តរជាតិនារី លើកទី១០៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីស្រ្តី ជាគ្រូបង្រៀន គ្រូពេទ្យ ថ្នាក់ដឹកនាំភូមិ ឃុំ និងមន្រ្តីសាលាស្រុក ការិយាល័យជុំវិញស្រុកបរសេដ្ឋ ប្រមាណ៣៩០នាក់។
ថ្លែងទៅកាន់អង្គពិធី លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ តម្រូវឲ្យមានការបោះឆ្នោត និងរៀបចំរដ្ឋធម្មនុញ្ញថ្មី។
យើងបានរៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ និងរៀបចំរដ្ឋធម្មនុញ្ញ ដោយប្រកាន់យកនូវរបបនយោបាយ ប្រជាធិតេយ្យសេរីពហុបក្ស។ ជាមួយគ្នានោះ ចំណុចនានា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ត្រូវបានយកមកបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ អស់ហើយ។ យើងនាំគ្នាគោរពរដ្ឋធម្មនុញ្ញ ដោយបានរៀបចំការបោះឆ្នោត ៥ឆ្នាំម្តងដោយទៀងទាត់ និងដោយមានការចួលរួម ពីគណបក្សនយោបាយជាច្រើន។ នៅក្នុងរបបប្រជាធិបតេយ្យសេរី មិនមែនអវត្តមានគណបក្សនយោបាយតែមួយ គឺគ្មានប្រជាធិបតេយ្យ និងរំលោភរដ្នធម្មនុញ្ញនោះទេ។ ការដែលបបួលប្រជាពលរដ្ឋមិនឲ្យ ទៅបោះឆ្នោតទៅវិញទេ ទើបជាប្រឆាំងនឹងប្រជាធិបតេយ្យ និងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ។
លោកទេសរដ្ឋមន្រ្តីបន្តទៀតថា ពីមុនយើងទុកលទ្ធភាពឲ្យគណបក្សប្រឆាំង ចូលរួមធ្វើការកសាងជាតិ តែមិនអាចទៅរួច ដោយគាត់មានគំនិតផ្តួលរំលំ។ សម្តេចតេជោខំប្រឹងប្រែង រក្សាវប្បធម៌សន្ទនា តែលោក សម រង្ស៊ី ជាអ្នកបំផ្លាញ។ ឯលោក កឹម សុខា មានបរទេសនៅពីក្រោយ បង្គាប់បញ្ជាឲ្យធ្វើបដិវត្តន៍ផ្តួលរំលំ។ សព្វថ្ងៃយើងមានសិទ្ធិសេរីភាព មានសន្តិភាព សម្បូរណ៍សប្បាយ សប្បាយពេករហូតយើងបារម្ភថា អាចភ្លេចខ្លួនមិនបានការពារ នាំឆ្លងមេរោគអេដស៍ទៅវិញ។ នៅពេលមានសន្តិភាព ស្ថិរភាព នាំឲ្យមានការអភិវឌ្ឍ ដែលជាកត្តាគន្លឹះ នាំឲ្យមានកំណើនសេដ្ឋកិច្ច។ ដូច្នេះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខមានលទ្ធភាពដំឡើងប្រាក់ខែជូន អ្នកគ្រូ លោកគ្រូ មន្រ្តីរាជការជារៀងរាល់ឆ្នាំ។ ដូច្នេះ យើងត្រូរួមគ្នារក្សាការពារសន្តិភាព ដើម្បីធានាការអភិវឌ្ឍ។ យើងត្រូវរួមគ្នាកសាងស្រុក កុំជឿការញុះញង់។ បើមានអ្នកនិយាយឃោសនា នាំឲ្យមានការផ្តួលរំលំរបប ត្រូវនាំគ្នាប្រឆាំង។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បន្ថែមទៀតថា នៅក្នុងពិភពលោក មានតែប្រមាណ១០ប្រទេសប៉ុណ្ណោះ ដែលមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ហើយមានខ្មែរយើងក្នុងនោះផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋយើងបានទទួលផលប្រយោជន៍ ពីកំណើនសេដ្ឋកិច្ចនេះ ដោយមានកម្រិតជីវភាពសមរម្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូ ស្ពាន អគ្គិសនី និងទឹកស្អាតប្រើប្រាស់។ សព្វថ្ងៃ រាជរដ្ឋាភិបាលក៏បានខិតខំ ដំឡើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ ព្រមទាំងគិតគូរអំពីរបបសន្តិសុខសង្គម ដោយរៀបចំឲ្យមាន បេឡាជាតិរបបសន្តិសុខសង្គម។ ដូច្នេះ ពេលអ្នកគ្រូ លោកគ្រូ មន្រ្តីរាជការ និងកម្មករ កម្មការិនីឈឺ ឬមានគ្រោះថ្នាក់ មានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភ។ លើសពីនេះ ពេលចាស់ទៅកម្មករយើង មានប្រាក់ចូលនិវត្តន៍ ដូចមន្រ្តីរាជការដែរ។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់សមាជិក សមាជិកាអង្គពិធីឲ្យជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងនាំគ្នាទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខឲ្យបានគ្រប់គ្នា។ យើងមានសន្តិភាព និងស្ថិរភាព ទើបមានការអភិវឌ្ឍ ព្រមទាំងរក្សាបាននូវកំណើនសេដ្ឋកិច្ច៕