(ភ្នំពេញ)៖ ផលិតផលម្សៅ buckwheat flour ដែលផលិតនៅប្រទេសបារាំង និងមានម៉ាកយីហោ Natur Avenir ត្រូវបានអាជ្ញាធរបារាំង អគ្គនាយកដ្ឋានប្រកួតប្រជែងកិច្ចការអ្នកប្រើប្រាស់ និងត្រួតពិនិត្យការក្លែងបន្លំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសប្រមូលត្រឡប់មកវិញ ក្រោយរកឃើញថា ផលិតផលនេះ មានវត្ដមានសារធាតុ Tropane alkaloids ដែលមានប្រភពពីរុក្ខជាតិពុល Datura។ នេះជាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ។

នៅក្នុងសេចក្តីជូនដំណឹងនេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការរួមមាន៖

*រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបានអធិប្បាយក្នុងតារាងជូនភ្ជាប់
*ផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននំាចូល និងចរាចរលើទីផ្សារ
*ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី ប្រសិនបើ មានការដាក់តាំងលក់។

បើតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា Buckwheat និងផលិតផលម្សៅ Buckwheat flour ប្រើប្រាស់ជាវត្ថុធាតុដើម សម្រាប់ផលិតម្ហូបអាហារដូចជា៖ គុយទាវ មី នំ នំបុ័ង ស្រា ស្រាបៀ និងភេសជ្ជៈ -ល-។

បើតាមសេចក្ដីជូនដំណឹង បានរំលេចថា «ការទទួលទាន ផលិតផលម្ហូបអាហារ ដែលមានចម្លងចូលសារធាតុខាងលើនេះ និងបណ្ដាលឲ្យ ប៉ះពាល់ដល់ សរីរាង្គថ្លើម ឈាម និងប្រព័ន្ធសរសៃប្រសាទ។ ក្នុងករណីធ្ងន់ធ្ងរនឹងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត»។

ដើម្បីទប់ស្ដាត់គ្រោះថា្នក់ ដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ អគ្គនាយកកាំកុងត្រួល សូមអំពាវនាវដល់សាធារណៈជន សូមកុំទិញផលិតផលដែលមានអត្ដសញ្ញាណ ដូចបានជំរាបជូនខាងលើ និងសូមជួយសហការផ្ដល់ព័ត៌មានដល់មន្ដ្រីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។

លេខទូរស័ព្ទទំនាក់ទំនង៖ ខ្សែទី១ ០១២​ ២៧៨ ៧៨៩, ខ្សែទី២ ០៩២​ ៩៩៩ ៨៦៧, ខ្សែទី៣ ០១២ ៩៨៥ ៥៧៧។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម៖