(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ផ្នែកអក្សរសាស្រ្តខ្មែរ និងប្រវត្តិវិទ្យា ប្រមាណ៤៥នាក់ បានចុះកម្មសិក្សាខ្លីនៅតាមរមណីយដ្ឋានប្រវត្តិសាស្រ្តនានា មានដូចជា ប្រាសាទអង្គរតូច ប្រាសាទបន្ទាយស្រី ស្រះស្រង់ ប្រាសាទអង្គរធំ អន្លង់វែង ប្រាសាទតាមាន់ និងប្រាសាទស៊ីខន ភ្នំសៅរ៉ាយ ភូមិដំរី ក្នុងខេត្តសូរិនប្រទេសថៃ ដើម្បីស្រាវជ្រាវ និងចងក្រងឯកសារនានាក្នុងការសរសេររបាយ ការណ៍ស្រាវជ្រាបបញ្ចប់ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤។ ការចុះសិក្សាស្រាវជ្រាវ បានធ្វើឡើងនៅដើមសប្តាហ៍កន្លងនេះ។
អ្នកស្រី ស៊ុ ឈុន្នីដា សាស្រ្តាចារ្យ និងជាប្រធានក្រុមដឹកនាំកម្មសិក្សាខ្លី បានមានប្រសាសន៍ថា និស្សិតទំាងអស់ជាតំណាងឲ្យក្រុមនិស្សិតដែលត្រូវសរសេររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤លើឯកទេសអក្សរសាស្រ្តខ្មែរ និងប្រវត្តិវិទ្យា ដែលបានជ្រើសរើសប្រធានបទទាក់ទងនឹងអក្សរសិល្ប៍ខ្មែរសម័យអង្គរ ក្រោយអង្គរសម័យទំនើប សិលាចារឹក ចម្លាក់ខ្មែរ សម្លៀកបំពាក់ខ្មែរ ប្រវត្តិអក្សរសិល្ប៍ ការធ្វើពាណិជ្ជកម្មខ្មែរសម័យបុរាណ ស្នាមញញឹមជនជាតិខ្មែរ និងថៃ។ល។
លោកស្រីសាស្រ្តាចារ្យ បានបន្ថែមទៀតថា ក្រៅពីបំពេញបន្ថែមលើរបាយការណ៍ស្រាវជ្រាវរបស់និស្សិតកម្មសិក្សានេះ ក៏មានគោលបំណងសំខាន់២ទៀតគឺ ១- បង្កើនភាពស្និទ្ធស្នាលរវាងនិស្សិត និងនិស្សិត, ២-ផ្សារភ្ជាប់រវាងទ្រឹស្តី ដែលបានសិក្សានៅក្នុងសាកលវិទ្យាល័យ ទៅនិងទិដ្ឋភាពជាក់ស្តែងក្នុងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។
លោក ជុច ម៉ុន និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ឯកទេសអក្សរសាស្រ្តខ្មែរ បានលើកឡើងថា រូបលោកផ្ទាល់បានទទួលនូវចំណេះដឹង បទពិសោធន៍ជាច្រើនពីកម្មសិក្សានេះគឺ៖ ១-បានបំពេញបន្ថែមទៀតនូវខ្លឹមសារនៃរបាយការណ៍ស្រាវជ្រាវ, ២- មានមោទនភាពជាមួយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនមកកំសាន្ត នៅតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តខ្មែរយើង, ៣- បានចូលរួមទស្សនាការបង្ហាញរបស់គណៈគ្រប់គ្រង នៃរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តសុរិន្ទប្រទេសថៃ, ៤- ជាពិសេសជាងនេះទៅទៀតគឺទទួលបាននូវអនុសាសន៍ណែនាំដ៏មានអត្ថន័យពី គណៈកម្មការ ដឹកនាំកម្មសិក្សាក្នុងការជំរុញនិស្សិតឲ្យយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន ដូចជាការគោរពវិន័យ ក្នុងការសិក្សាស្រាវជ្រាវទើបបានជោគជ័យដើម្បីក្លាយជាអ្នកជំនាញប្រកបដោយគុណវុឌ្ឍិខ្ពស់បាន ព្រមទាំងបានទៅសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ និងស្ថានភាពសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋថៃទៀតផង។
គួរបញ្ជាក់ផងដែរថា ក្នុងបវេសនកាលឆ្នាំថ្មីនេះ ក្នុងគោលដៅបណ្តុះបណ្តាលនិស្សិតឱ្យទទួលបាន គុណភាព សមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណសម្បត្តិល្អ CUS បានពង្រឹងជំនាញគំាទ្ររដល់ការសិក្សាវគ្គវែងចំនួនពីរបន្ថែមទៀតគឺ ភាសាអង់គ្លេស និងកុំព្យូទ័រដោយបានកំណត់ពាក្យស្លោកថា «និស្សិតដែលសិក្សានៅ CUS គ្រប់ជំនាញត្រូវតែចេះបន្ថែមនូវកុំព្យូទ័រ និងភាសាអង់គ្លេស» ដោយបានបង្កើតកម្មវិធីសិក្សាបន្ថែមលើភាសាអង់គ្លេស និងកុំព្យូទ័រ នៅគ្រប់វេនសិក្សា បង្កើតក្លឹបភាសាអង់គ្លេស ក្លឹបកុំព្យូទ័រសម្រាប់និស្សិតហ្វឹកហាត់ជាប្រចាំ បង្កើតការិយាល័យជួយរកការងារដល់និស្សិត ដែលមានសមត្ថភាពតែខ្វះលទ្ធភាពតាមរយៈការចុះអនុស្សរណៈយោគយល់(MOU) ជាមួយក្រុមហ៊ុន អង្គការជាតិ និងអន្តរជាតិ មានចំនួនជាង៥០០រួចមកហើយ សម្រាប់និស្សិតរកការងារធ្វើពេលដែលបញ្ចប់ការសិក្សា ឬសិក្សាបណ្តើរធ្វើការងារបណ្តើរ។
បច្ចុប្បន្ននេះCUS មានទីតាំង និងសាខាចំនួន៨នៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្ត និងទទួលបានអត្រាកំណើននិស្សិតចុះឈ្មោះថ្មីជិត៣០%បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ និស្សិតបញ្ចប់ការសិក្សាមានការងារធ្វើជាង៩០% និងនិស្សិតកំពុងសិក្សាមានការងារធ្វើរហូតដល់៦៤,២៣%៕