(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅការងារ របស់គណបក្សប្រជាជនកម្ពុជាខេត្តឧត្ដរមានជ័យ។
ក្នុងកិច្ចប្រជុំនោះ លោក គន់ គីម បានរំលឹកដល់ក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ត្រូវចេះកែនូវរាល់ការខ្វះខាតរបស់ខ្លួនខិតខំកសាងអំពើល្អ ដើម្បីឲ្យប្រជាជនមានជំនឿជឿជាក់ ជៀសវាងដាច់ខាតនូវអំពើណាដែលធ្វើឲ្យប្រជាជនថ្នាំងថ្នាក់ ដោយយកអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន (ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់) ធ្វើជាគោល។
បើតាមប្រធានក្រុមការងាររូបនេះ ពេលចុះមូលដ្ឋានត្រូវទទួលយកនូវការរួមយោបល់ សំណូមពរពីប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយរាល់បញ្ហាកង្វល់ របស់ពួកគាត់។
ជាមួយគ្នានោះ លោក គន់ គីម បានថ្លែងអំណរគុណចំពោះក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានរួមសាមគ្គីគ្នាអនុវត្តសម្រេចរាល់ភារកិច្ច ដែលបក្សបានប្រគល់ជូន ជាពិសេសក្នុងការយកចិត្តទុកដាក់ចុះជួយមូលដ្ឋាន រហូតទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កន្លងមកនេះ៕