(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តតមណ្ឌលកំពង់ចាម និង លោក បណ្ឌិត ថេង ច័ន្ទសង្វារ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងសួង នៅព្រឹកថ្ងៃសុក្រ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ បានអញ្ជើញចូលរួម ពិធីបើកការពិនិត្យជំងឺទូទៅ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពញាចក្រីហេង សំរិនប្រធានរដ្ឋសភានៃកម្ពុជា ជូនប្រជាពលរដ្ឋជាង២ពាន់នាក់ ដោយឥតគិតថ្លៃ នៅវត្តវិហារខ្ពស់ ភូមិវិហារខ្ពស់ សង្កាត់ស្ទឹង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីស្តាប់របាយការណ៏ដែលលើកឡើងដោយ លោកវេជ្ជបណ្ឌិត កែវ វណ្ណះ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពញាចក្រី ហេង សំរិន ស្តីពីសកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពញាចក្រី ហេងសំរិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាលគ្រប់ខេត្ត ជាពិសេសដោយមានការចូលរួមសកម្មភាពពីសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការជួយសម្របសម្រួលចុះធ្វើសកម្មភាពពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋគ្រប់រូប ដោយឥតគិតថ្លៃនិងមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៏ឫសាសនាឡើយ។
ក្នុងឱកាសនោះ លោក ចាយ បូរិន បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័ក្រចិត្ត សម្តេចពញាចក្រីហេង សំរិន ទាំងអស់ ដែលដឹកនាំ ដោយលោក វេជ្ជបណ្ឌិត កែវ វណ្ណះ ព្រមទាំងបុគ្គលិកមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំទាំងអស់ ដែលមានជំហរលះបង់ខ្ពស់ ហើយបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រពលរដ្ឋគ្រប់វ័យបានយ៉ាងល្អប្រសើរ។
លោក ចាយ បូរិន ក៏បានសំណូមពរដល់អាជ្ញាធរនិងសមត្តិកិច្ចគ្រប់លំដាប់ថ្នាក់ជួយ បង្កលក្ខណងាយស្រួលដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពញាចក្រី ហេង សំរិន បានបន្តសកម្មភាពពិនិត្យព្យាបាលជម្ងឺជាលក្ខណមនុស្សធម៌គ្រប់ទីកន្លែង លើប្រជាជនកម្ពុជាគ្រប់រូបដោយមិនប្រកាន់ និន្នាការនយោបាយពូជសាសន៏ឬសាសនាឡើយ ព្រោះសកម្មភាពទាំងនេះជាសកម្មភាពបំពេញបន្ថែមនូវសេវាសាធារណះរបស់រដ្ឋ ។.
លោក ចាយ បូរិន បានបញ្ជាក់ថា ក្រៅពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពញាចក្រីហេង សំរិន ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោសែន Thy da ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលដឹកនាំដោយលោក បណ្ឌិត ហ៊ុន ម៉ាណែត ក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី នឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗជាច្រើនទៀតបានធ្វើសកម្មភាពចុះពិនិត្យព្យាបាលជម្ងឺទូទៅដោយអត់គិតថ្លៃទូទាំង២៥រាជធានីខេត្ត ។
អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមរូបនេះ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមកពិនិត្យព្យបាលជម្ងឺទាំងអស់ពេលត្រឡប់ ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញត្រូវយកចិត្តទុកដាក់ថែទាំសុខភាពតាមការណែនាំរបស់គ្រូពេទ្យ។
ដោយឡែកចំពោះបងប្អូនយើងដែលមិនទាន់មានជម្ងឺដង្កាត់អ្វីមកបៀតបៀនហើយបើសិនជាមានអាការៈមិនស្រួលខ្លួនឫមានបញ្ហាឧបទ្ធវហេតុអ្វីប៉ះពាល់ដល់រាងកាយខ្លួនត្រូវទៅរកមន្ទីរពេទ្យដែលនៅជិតលំនៅដ្ឋានរបស់បងប្អូនមុននឹងទៅរកគ្រូពេទ្យជំនាញ.។ លោកចាយ. បូរិនក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាអនាម័យអោយបានល្អពោលគឺការរស់នៅស្អាតហូបស្អាតផឹកស្អាតដើម្បីការពារនូវជម្ងឺឆ្លងផ្សេងៗ។
ជាមួយគ្នានោះដែរ លោក ចាយ បូរិន ក៏បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលអញ្ជើញមកពិនិត្យ ព្យាបាលជំងឺ និងស្វែងយល់ពីជំងឺផ្សេងៗដែលតែងតែកើតមានចំពោះបងប្អូនប្រជាជនយើងនៅតាមជនបទ ដើម្បីរិះរកវិធានការទប់ស្កាត់កុំអោយកើតមានឡើងតទៅទៀត៕