(កំពត)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តតាកែវ កែប និងកំពត រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅខេត្តតាកែវ កែប និងកំពត។
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ លោក ងិន ងិនដា អភិបាលរងខេត្តកែប និងលោក ជ្រឹង ផល្លា អភិបាលរងខេត្តកំពត ក្នុងវេទិកាសន្ទនាដែលបានរៀបចំដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានអ្នកចូលរួមជាច្រើននាក់ មកពីមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក្រុមប្រឹក្សាស្រុក ក្រុង ឃុំសង្កាត់ ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នៅក្នុងខេត្តនីមួយៗ។
គោលបំណងនៃការរៀបចំវេទិកាសន្ទនានេះ គឺដើម្បីផ្សព្វផ្សាយអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ក៏ដូចជាការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក។ វេទិកាសន្ទនានេះ បានផ្តល់ជាឱកាសសម្រាប់ការជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិលលើបញ្ហាប្រឈមនានា និងបានបង្កើតឱ្យមានបរិយាកាសស្និទ្ធស្នាល រាជរដ្ឋាភិបាល និងរវាងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះ បានក្នុងការអភិវឌ្ឍសង្គមជាតិ។
ថ្លែងក្នុងវេទិកាសន្ទនាទាំងបីថ្ងៃនេះ លោកប្រធានក្រុមប្រឹក្សា វ.ស.ស.បានបញ្ជាក់យ៉ាងច្បាស់ថា វ.ស.ស. មិនមែនជាបញ្ញត្តិករគ្រប់គ្រងអង្គការសង្គមស៊ីវិលនៅកម្ពុជាឡើយ។ វ.ស.ស. គឺជាអ្នកសម្របសម្រួលបំពេញបន្ថែមជាមួយ ក្រសួងស្ថាប័ន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ជាមួយបណ្តាអង្គការសង្គមស៊ីវិលឱ្យកាន់តែប្រសើរឡើងថែមទៀត ហើយ វ.ស.ស. មានគោលបំណងពង្រីកភាពជាដៃគូ ជាមួយអង្គការសង្គមស៊ីវិលនានា ដើម្បីសហការអនុវត្តគម្រោងជាក់ស្តែង សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។
វេទិកាសន្ទនាដែលបានរៀបចំឡើងដោយ វ.ស.ស. ដោយមានការសហការជាមួយអាជ្ញាធរថ្នាក់ខេត្ត ក៏បានបើកទូលាយឱ្យអង្គការ សមាគម សហជីព និងសហគមន៍ បានពិភាក្សាដោយត្រង់ទៅត្រង់មក និងបានលើកឡើងអំពីបញ្ហាប្រឈមនិងសំណូមពររបស់ខ្លួនផងដែរ។ ជាលទ្ធផល បញ្ហាប្រឈមនិងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា ហើយបញ្ហាដែលសេសសល់មួយចំនួនទៀត នឹងត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ៕