(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ឬ TYDA នៅសាលមហោស្រពកោះពេជ្រ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងភរិយា។ សមាគមនេះ បានចុះធ្វើសកម្មភាពមនុស្សធម៌ នៅតាមសហគមន៍នានាទូទាំង២៥រាជធានី ខេត្ត ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រ ដល់ទីកន្លែងសំដៅជំរុញឲ្យសេវាសុខភាព សាធារណៈកាន់តែចូលទៅកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។
សមាគមដែលមានអាយុទើប ៥ឆ្នាំនេះ បានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល តាមរយៈការផ្តល់ឱកាសឲ្យនិស្សិត និងយុវជនស្ម័គ្រចិត្តដទៃទៀត ចូលរួមបម្រើការងារ ដើម្បីដកបទពិសោធន៍ការងារមនុស្សធម៌ នៅតាមបណ្តាគោលដៅបេសកកម្មផ្សេងៗផងដែរ។
បេសកកម្មមនុស្សធម៌ ក្នុងការជួយលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋខ្មែរនេះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម នៅទូទាំងប្រទេស ដោយបែងចែកជា ០៤គោលដៅសំខាន់ៗរួមមាន៖
១៖ បេសកកម្មចល័តតាមរាជធានី-ខេត្តទាំង២៥
២៖ បេសកកម្មនៅតាមបណ្តាអង្គការ ឬ មណ្ឌលកុមារកំព្រា ដោយចុះពិនិត្យ និងព្យាបាលនៅអង្គការមួយចំនួនដូចជា CCF មជ្ឈមណ្ឌលកុមារកំព្រាគៀនឃ្លាំង ភូមិកុមារកំព្រាអរុណរះ គ្រួសារថ្មី និងអង្គការម្លប់តាប៉ាងជាដើម។
៣៖ បេសកកម្មនៅតាមតំបន់រោងចក្រនានា ដោយធ្វើការពិនិត្យព្យាបាលជូនកម្មករ កម្មការិនី។ សកម្មភាពនេះឆ្លើយតបទៅនឹងគោលដៅជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងពង្រីកវិសាលភាពរបបថែទាំសុខភាពសម្រាប់កម្មករនិយោជិតផងដែរ
៤៖ បេសកកម្មតាមសហគមន៍ ដោយធ្វើការចល័តតាមសាលារៀន សហគមន៍ក្រីក្រ និងតាមខ្នងផ្ទះផងដែរ។
ដើម្បីពង្រឹងបេសកកម្មមនុស្សធម៌នេះ សមាគម ក៏បានបញ្ជូនសមាជិកទៅបណ្តុះបណ្តាលបន្តនៅបណ្តាប្រទេសមួយចំនួនដូចជា កូរ៉េ ៥រូប, ថៃ ៣រូប (រយៈពេលខ្លី), បារាំង ១រូប និងតៃវ៉ាន់ ២រូប។ ក្រៅពីបានខិតខំដោយកម្លាំងខ្លួនឯង សមាគមមានដៃគូសហប្រតិបត្តិការ ជាមួយស្ថាប័នជាតិមួយចំនួនទៀត ដូចជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, មន្ទីរពេទ្យព្រះកុសុមៈ, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យជោរៃភ្នំពេញ...៕