(ភ្នំពេញ)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប ជួបសំណេះសំណាលជាមួយ សមាជិកាអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្រុកក្រឡាញ់ សរុបចំនួន៣៥០នាក់។
ថ្លែងនៅក្នុងពិធីលោកស្រី គួយ ណាលីន បានឲ្យដឹងថា ការជួបសំណេះសំណាលនេះ ធ្វើឡើងដើម្បីអបអរសាទរខួបលើកទី១០៧ នៃទិវាអន្តរៈជាតិនារី៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៏ជាតិ។
លោកស្រីប្រធានកិត្តិយស ក៏បានបន្តថា ជាមួយគ្នានោះ ដើម្បីបំផុស និងជំរុញចលនាស្រ្តីនៅទូទាំងស្រុកក្រគរ ឲ្យមានសមត្ថភាពអង់អាច ក្នុងការជួយដោះស្រាយរាល់បញ្ហាប្រឈម និងចេះជួយគ្នាទៅវិញទៅមក ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ចាត់ទុកថា «ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម»។ ទិវានេះ គឺជាការរំលឹកឡើងវិញនូវសកម្មភាព ប្រវត្តិ និងការតស៊ូ របស់ស្រ្តីនៅលើពិភពលោក ដែលបានខិតខំជម្នះរាល់ឧបសគ្គ ដើម្បីទាមទារសិទ្ធិសេរីភាព ពីម្ចាស់រោងចក្រ សហគ្រាស រហូតទទួលបានជោគជ័យជាស្ថាពរ ហើយត្រូវបានអនុវត្តទៅតាមពាក្យស្លោកធ្វើការ៨ម៉ោងធ្វើការស្មើភាពគ្នា បៀវត្សស្មើគ្នា និងការពារសុខភាពមាតា និងទារក។
លោកស្រីបានបន្តទៀតថា ដោយបានការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ របស់បងប្អូននារីនោះ ត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការ នាឆ្នាំ១៨៧៩ និងអនុម័តយកថ្ងៃ៨មីនា ជារៀងរាល់ឆ្នាំ ជាទិវានារីអន្តរជាតិតាមបណ្តាប្រទេសនីមួយៗ។
លោកស្រី គួន ណាលីន ក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលនេះ មានការអភិវឌ្ឍន៍គ្រប់វិស័យ រួមមានផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋានចរនាសម្ព័ន្ធផ្សេងៗជាច្រើន លើសពីនេះទៀត គឺសេដ្ឋកិច្ចកម្ពុជា មានកើនឡើង ជាបន្តបន្ទាប់ព្រមទាំងរក្សាបាន នូវសុខសន្តិភាព ស្ថេរភាព ស្ងប់ស្ងាត់។ ក្នុងនោះដែរ លោកស្រី ក៏បានផ្តល់ជូនសមាជិកចូលរួមក្នុងម្នាក់ៗ សំពត់១ដុំ ផងដែរ៕