(ភ្នំពេញ)៖ ស្ថិតនៅក្នុងក្របខ័ណ្ឌ នៃការផ្សព្វផ្សាយរបស់សាលាក្តីខ្មែរក្រហម លោកគ្រូអ្នកគ្រូជាង១,០០០នាក់ មកពីស្រុកនានាក្នុងខេត្តព្រៃវែង បានធ្វើទស្សនកិច្ចសិក្សានៅអង្គជនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលវាលពិឃាតបឹងជើងឯក នៅចាប់ពីដើមឆ្នាំ២០១៨មកនេះ។ នេះជាការឲ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ របស់លោក នេត្រ ភក្ត្រា ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យ នៃសាលាក្តីខ្មែរក្រហម។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីពង្រឹងនូវចំណេះដឹងអំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ការចងចាំអំពីឧក្រិដ្ឋកម្ម ដ៏សាហាវយង់ឃ្នង និងរំលឹកវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ក៏ដូចជាអ្នកដែលកំពុងតែរស់រានមានជីវិត ហើយរហូតមកដល់ពេលនេះ លោកគ្រូអ្នកគ្រូមកពីតាមវិទ្យាល័យ អនុវិទ្យាល័យនានា នៅក្នុងស្រុកស្វាយអន្ទរ ស្រុកស៊ីធរកណ្តាល ស្រុកពារាំង និងស្រុកបាភ្នំ ខេត្តព្រៃវែងបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ។
លោកគ្រូអ្នកគ្រូ បានទទួលនូវព័ត៌មានជាច្រើន អំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម តាមរយៈការទស្សនាសារៈមន្ទីរប្រល័យពូជសាសន៍ គុកទួលស្លែង និងវាលពិឃាតបឹងជើងឯក និងព័ត៌មានជុំវិញដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ធ្វើបទបង្ហាញដោយមន្ត្រីផ្នែកកិច្ចការសាធារណៈ នៃសាលាក្តី ខ្មែរក្រហម។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា វត្តមានរបស់លោកគ្រូអ្នកគ្រូ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ពិតជាមានសារៈសំខាន់ ព្រោះពួកគាត់នឹងអាចយកចំណេះដឹង និងព័ត៌មានសំខាន់ទាក់ទងប្រវត្តិសាស្ត្រ និងការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ទៅប្រាប់ដល់សិស្សានុសិស្សដែលពួកគាត់បង្រៀន និងដល់សហគមន៍ដែលពួកគាត់រស់នៅ ដែលនេះគឺជាការចូលរួមក្នុងការពង្រឹងការចង់ចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
ចាប់តាំងពីតុលាការដំណើរការដំបូង រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០១៨ សាធារណជនជាតិ និងអន្តរជាតិជិតកន្លះលាននាក់ ហើយដែលបានមកទស្សនាដំណើរការសវនាការ និងចូលរួមទស្សនកិច្ចសិក្សា នៅសាលាក្តីខ្មែរក្រហម ក្រោមការសម្របសម្រួល និងរៀបចំដោយផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម។
ទាក់ទងនឹងកិច្ចការនេះ លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឲ្យដឹងថា តុលាការគាំទ្រចំពោះគម្រោងផ្សព្វផ្សាយនេះ ព្រោះបានជួយដល់ការសិក្សាប្រវត្តិសាស្ត្រ នៃរបបខ្មែរក្រហមផង យល់ដឹងអំពីដំណើរការនីតិ វិធីជំនុំជម្រះក្តីប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
លោក ក្រាញ់ តូនី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការងារផ្សព្វផ្សាយអំពីដំណើរការតុលាការខ្មែរក្រហម ដល់សាធារណជនដែលនេះ គឺជាផ្នែកមួយដើម្បីការចងចាំ និងការចូលរួមទប់ស្កាត់ការវិលត្រឡប់មកវិញ នៃអំពើឃោរឃៅដូចក្នុងរបបខ្មែរក្រហម មកលើទឹកដីកម្ពុជាសាជាថ្មី៕