លោក ពូទីន ដឹងខ្លួនថា «នឹងឈ្នះឆ្នោតក្លាយជាប្រធានាធិបតីបន្ត» ទើបសន្យាកាត់បន្ថយភាពក្រីក្រនៅរុស្ស៊ី ឲ្យបានពាក់កណ្តាលក្នុងពេល ០៦ឆ្នាំ...
01-03-2018 19:14
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកមានបំណងកាត់បន្ថយភាពក្រីក្រ ឱ្យបានត្រឹមពាក់កណ្ដាលនៅក្នុងប្រទេស នៅរយៈពេល ០៦ឆ្នាំខាងមុខ។ លោក ពូទីន ថ្លែងបែបនេះនៅឯសុន្ទរកថា ប្រចាំឆ្នាំក្នុងម៉ូស្គូ ហាកដូចជាលោកដឹងខ្លួនរួចទៅហើយថា លោកនឹងជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែមីនា ឆ្នាំ២០១៨។
សុន្ទរកថារបស់លោក ពូទីន គឺជាសុន្ទរកថាលើកចុងក្រោយបំផុតរបស់លោក នៅមុនពេលការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅរយៈពេល ១៧ថ្ងៃ ខាងមុខទៀតនេះ។ ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ីបានសន្យាថា លោកនឹងកាត់បន្ថយ ភាពក្រីក្រឱ្យបានត្រឹមពាក់កណ្ដាលនៅក្នុងប្រទេស តាមរយៈការបង្កើតនិរន្តរភាពការងារ។
បន្ថែមពីលើនេះលោក ពូទីន ក៏បានអះអាងដែរថា កាលពីឆ្នាំ២០០០ ប្រជាជនរុស្ស៊ី ៤២លាននាក់ រស់នៅក្រោមបន្ទាត់ក្រីក្រ ប៉ុន្តែសព្វថ្ងៃប្រជាជនរុស្ស៊ី ២០ លាននាក់រស់នៅក្រោមបន្ទាត់ក្រីក្រ តែយ៉ាងណាលោកនៅតែអះអាងថា វាចាំបាច់ត្រូវកាត់បន្ថយតទៅទៀត។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ តែបើតាមការស្ទង់មតិមួយកាលពីសប្ដាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានសំឡេងគំាទ្រជិត ៧០ភាគរយ ពីប្រជាជនរុស្ស៊ីសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែក្រោយនេះ ដែលវាជាសញ្ញាបង្ហាញយ៉ាងច្បាស់ លោក ពូទីន នឹងអាចបន្តដឹកនាំរដ្ឋាភិបាលរុស្ស៊ី នាអាណត្តិក្រោយទៀត៕