(ភ្នំពេញ)៖ ការជួញដូរមូលបត្រនៅកម្ពុជា មានអាយុជិត៦ឆ្នាំហើយ គិតចាប់ពីខែមេសា ឆ្នាំ២០១២មក ដោយរយៈពេលកន្លងមកនេះ វិស័យថ្មីនេះកំពុងវិវត្តន៍រីកចម្រើន ទៅមុខជាបន្តបន្ទាប់។
មានមតិមួយចំនួន បានលើកឡើងបែបលេងសើចថា ការយកលុយទៅទិញភាគហ៊ុន មានភាពស្មុគស្មាញ និងមិនចំណេញ ដូចការយកលុយទៅលេងតុងទីនឡើយ។ ពាក់ព័ន្ធការលើកឡើងនេះ ត្រូវបានអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ពន្យល់អំពីសារប្រយោជន៍ នៃការវិនិយោគជាមួយ នឹងការជួញដូរមូលបត្រ ជាជាងយកលុយទៅលេងតុងទី ដែលមានហានិភ័យនោះ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Fresh News លោក ស៊ូ សុជាតិ បានពន្យល់ថា ការវិនិយោគជាមួយវិស័យមូលបត្រ និងការលេងតុងទីន គឺខុសគ្នាឆ្ងាយ។ ដោយការលេងតុងទីន គឺការផ្សងព្រេងសុទ្ធសាធ ចំណែកការវិនិយោគលើវិស័យភាគហ៊ុន គឺមានកញ្ចក់ឆ្លុះមួយ។
លោកថា «ការលេងតុងទីន គឺជាអ្វីមួយដែលយើងធ្វើ ប៉ុន្តែគ្មានការទទួលស្គាល់ទេ គ្មានការការពារនោះទេ ។ យើងឃើញថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន អ្នកខ្លះក៏ទទួលបានផល អ្នកខ្លះក៏មិនទទួលបានផល ឬក៏ឈានដល់ដំណាក់កាល នៃការឈ្លោះគ្នា ឈានដល់ដំណាក់កាលចោទគ្នាទៅវិញទៅមក បង្កើតទៅជាប្រព័ន្ធមួយ ដែលយើងឲ្យឈ្មោះថា ជាការឆបោកផ្សេងៗកើតឡើង»។
លោកអគ្គនាយកបន្ថែមថា «ចំពោះការជួញដូរភាគហ៊ុន គឺជាការវិនិយោគពិតប្រាកដមួយ។ ដោយសារភាគហ៊ុន គឺជាចំណែកមួយរបស់ក្រុមហ៊ុន ដែលចុះបញ្ជីត្រឹមត្រូវ ទទួលស្គាល់ដោយច្បាប់របស់ប្រទេសយើង ហើយអ្វីដែលគណៈកម្មការមូលបត្រកម្ពុជា មុននឹងអនុញ្ញាតិឲ្យក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ មានចំណុចធំៗ២ ដែលយើងទាមទារ គឺទី១-អភិបាលកិច្ចសាជីវកម្ម និងចំណុចសំខាន់ទី២ គឺតម្លាភាព»។
សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសន៍ទាំងស្រុង៖