(ភ្នំពេញ)៖ រថយន្តបែនដឹកដី១គ្រឿង បានក្រឡាប់លិចបាត់ ទៅក្នុងទឹករណ្ដៅដីក្នុងពេលដែលកំពុងបើកបរ តាមផ្លូវក្បែរមាត់រណ្ដៅដី ដោយសារតែបាក់ដី ផ្លូវផុងកង់ម្ខាងរួច ក៏បានក្រឡាប់ធ្លាក់ចូលទៅក្នុងរណ្ដៅដីនោះតែម្ដង។ តែហេតុកាណ៍នោះ មិនបានបណ្ដាលឲ្យអ្នកបើកបរមានគ្រោះឡើយ ព្រោះបានលោតចេញទាន់ និងបានកើតឡើងកាលពីវេលាម៉ោង១១៖៣៥នាទី នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិសាមគ្គីទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបែនដឹកដីនោះជារបស់ឈ្មួញម្នាក់នៅក្នុងភូមិស្នោរខាងកើត សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
នៅមុនពេលកើតហេតុ រថយន្តនោះបានដឹកដីទៅចាក់ នៅក្នុងភូមិកើតហេតុនោះ ដោយបើកបរក្នុងទិសដៅពីជើងទៅត្បូង។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបាក់ដីផុងកង់ខាងស្ដាំ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទៅក្នុងរណ្ដៅដីខាងលើ និងលិចបាត់ទៅក្នុងទឹកតែម្ដង។
ប៉ុន្តែសំណាងខ្លាំងណាស់ ដែលអ្នកបើកបរបានលោតចេញទាន់មុនពេល ដែលរថយន្តលិចទៅក្នុងទឹកទើប រួចផុតពីសេចក្ដីស្លាប់។ រហូតដល់វេលាម៉ោង៣រសៀលថ្ងៃដដែលនោះម្ចាស់ មិនទាន់រករថយន្តស្ទូចទៅស្ទូចយកចេញបាននៅឡើយ៕