(ភ្នំពេញ)៖ ការដ្ឋានស្ថាបនាផ្លូវស្របរថភ្លើងឫស្សីកែវ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៧០ ក្នុងខណ្ឌឬស្សីកែវ បាននឹងកំពុងដំណើរការបានប្រមាណ២៥ភាគរយហើយ។ នៅរសៀល និងល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពលើកំណាត់ផ្លូនេះ ដើម្បីជម្រុញការដ្ឋានបន្តទៀត ហើយក៏ដើម្បីស្តាប់នូវអ្វីដែល ជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើបណ្តោយផ្លូវនេះផងដែរ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដ្ឋានស្ថាបនាផ្លូវស្របរថភ្លើងឫស្សីកែវចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ មកដល់ពេលនេះសម្រេចបាន២៥ ភាគរយហើយ។
កំណាត់ផ្លូវដែលបាននឹងកំពុងស្ថាបនានេះ មានប្រវែងជាង៤៦០០ម៉ែត្រ ដោយត្រូវឆ្លងកាត់សង្កាត់៣ គឺសង្កាត់ទួលសង្កែ, សង្កាត់ឬស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងដែលជាអតីតផ្លូវរថភ្លើងគីឡូម៉ែត្រលេខ៦ឬស្សីកែវនេះ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដោយស្ថាបនាជាផ្លូវធ្វើដំណើរ ដោយយានជំនិះ ដែលអាចជួយរំដោះចរាចរមួយចំណែកធំពីផ្លូវជាតិលេខ៥ចូលមកក្នុងរាជធានីភ្នំពេញ។
តាមគំរោងផ្លូវបេតុងនេះ មានទទឹង២២ម៉ែត្រ ដែលមានសួនច្បារចែកទ្រូងផ្លូវ២ម៉ែត្រកន្លះ និងចិញ្ចើមផ្លូវ៣,៧៥ម៉ែត្រសងខាង។ ចំពោះគម្រោងនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅមានបន្ទិលសង្ស័យថា អាជ្ញាធរនឹងឲ្យពូកគាត់ចេញពីទីនេះ តែក៏មានបងប្អូនភាគច្រើន អបអរសាទរចំពោះគំរោងស្ថាបនាផ្លូវនេះ ដែលជាផ្លូវបេតុងក្រោយពីដកផ្លូវរថភ្លើងចេញ។
ប៉ុន្តែតែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ជាច្រើនដងហើយថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានគោលការណាមួយដេញប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ចេញពីតំបន់នេះឡើយ៕