(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច និងបែងចែកតួនាទីភារកិច្ចគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារសម្រាប់រៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ឆ្នាំ២០១៨។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក ម៉ែន វិបុល បានផ្ដាំផ្ញើដល់អនុគណៈកម្មការទាំង៦ និងក្រុមការងារទាំង៨ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ដូចមានកំណត់ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំ ធ្វើផែនការលម្អិត និងឡើងគម្រោងចំណាយនៅក្នុងអនុគណៈកម្មការ និងក្រុមការងារនីមួយៗ ឲ្យបានច្បាស់លាស់ ដើម្បីរៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខ ឲ្យទទួលបានលទ្ធផលជោគជ័យ និងបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា និងលេងកម្សាន្ត ប្រកបដោយសន្តិសុខ សុវត្ថិភាពល្អប្រសើរ ៕