(ភ្នំពេញ)៖ ការទៅរស់នៅក្រៅប្រទេស នាពេលបច្ចុប្បន្ននេះ មិនមានអ្វីជាលំបាកទៀតឡើយសម្រាប់ពលរដ្ឋខ្មែរ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ អ្នកជំនាញបាននិយាយថា ពលរដ្ឋខ្មែរកម្រិតខ្ពស់ នឹងមានលទ្ធភាព និងឱកាសទៅរស់នៅប្រទេសជាច្រើនលើពិភពលោក បានយ៉ាងងាយស្រួល ក្នុងនោះមានដូចជាប្រទេសថៃ អាមេរិក ដូមីនីកា សាយព្រឺស និង តំបន់អឺរ៉ុប រួមទាំងប្រទេសអូស្រ្តាលីជាដើម តាមរយៈកម្មវិធីវិនិយោគទុន។
លោក Bastien Trelcat អ្នកជំនាញខាងច្បាប់ និងការធ្វើអន្តោប្រវេសន៍របស់ ក្រុមហ៊ុន Harvey Law Group (HLG) ដែលជាក្រុមហ៊ុនមួយទើបនឹងមានវត្តមាននៅកម្ពុជា ក្នុងការរៀបចំច្បាប់ សម្រាប់ការរស់នៅក្រៅប្រទេស បាននិយាយថា នៅបណ្តាប្រទេស ជាង១៥ ប្រទេស នៅជុំវិញពិភពលោក បានធ្វើការរៀបចំកម្មវិធីទាំងនេះ ដើម្បីស្វាគមន៍ប្រជាជនកម្ពុជា សម្រាប់ដំណើរការ ធ្វើអន្តោប្រវេសន៍ និងដើម្បីផ្តល់នូវប្រសិទ្ធិភាពជាឯកជន នៃការតាំងលំនៅអចិន្ត្រៃយ៍ ឫការទទួលបានសញ្ជាតិ។
លោកបានបន្តថា ប្រទេសមួយចំនួន ដែលមានការពេញនិយមក្នុងរង្វង់វិនិយោគិននៅតំបន់អាស៊ី រួមមាន ប្រទេស កាណាដា (Canada) ប្រទេស អូស្ត្រាលី (Australia) សហរដ្ឋអាមេរិក (USA) ចក្រភពអង់គ្លេស (UK) ដើម្បីស្នើសុំសិទ្ធិរស់នៅជាអចិន្រ្តៃយ៍។ ចំណែកឯ ប្រទេសដូមីនីកា (The Commonwealth of Dominica) សាធារណរដ្ឋវាណាទូ (the Republic of Vanuatu) ក៏បានផ្តល់នូវឱកាសទទួលបានសញ្ជាតិ ពេញមួយជីវិត ដល់វិនិយោគិន និងសមាជិកគ្រួសារទាំងអស់។ ក្រៅពីការធ្វើដំណើរ ដោយមិនចាំបាច់មាន ទិដ្ឋាការ ឬ វីសា រដ្ឋាភិបាលនៃប្រទេសនេះ ក៏មានផ្តល់នូវការលើកទឹកចិត្ត លើអត្ថប្រយោជន៍ផ្សេងទៀត រួមមាន ការបង់ថ្លៃសិក្សា ទាប ឫ មិនគិតថ្លៃ សន្តិសុខសង្គម និងប្រព័ន្ធថែទាំសុខភាពដែលមានតម្លៃសមរម្យ ហើយព្រមទាំងប្រាក់ឧបត្ថម្ភរដ្ឋ សម្រាប់វិនិយោគិន ក៏ដូចជាសមាជិកគ្រួសាររបស់ពួកគេផងដែរ។
លោក Bastien Trelcat បានបន្តថា «យើងត្រូវតែដឹងឱ្យបានច្បាស់ថា កម្មវិធីទាំងនោះបានបង្ហាញពីអ្នកផ្តល់ ប្រឹក្សាហិរញ្ញវត្ថុ ភ្នាក់ងារដែលធ្វើការដោយគ្មានការរៀបចំត្រឹមត្រូវ ម្ចាស់គម្រោងអចលនទ្រព្យ និងភ្នាក់ងារ ពាក់ព័ន្ធផ្សេងទៀត ដែលព្យាយាមតាំងខ្លួនជាអ្នកមានសមត្ថភាពផ្តល់យោបល់បែបអាជីព អំពីកម្មវិធីទាំងអស់នេះ។ គួរឱ្យស្តាយ ដែលក្រុមហ៊ុនទាំងអស់នេះ បានផ្តល់យោបល់តាមដែលគេចាប់អារម្មណ៍ប៉ុណ្ណោះ ហើយក៏ស្រាប់តែបាត់ស្រមោលជាមួយនឹងប្រាក់ដើមទុនទាំងអស់របស់អតិថិជន។ យើងគួរតែជ្រើសរើស អ្នកផ្តល់ប្រឹក្សា ដែលមានទីតាំងនៅកម្ពុជា និងស្ថិតនៅក្រោមវិស័យដែលមានការគ្រប់គ្រងច្បាស់លាស់ (ក្រុមហ៊ុនច្បាប់ ក្រុមហ៊ុនគណនេយ្យ ធនាគារ) ដែលអាចឆ្លើយសំណួរតាមទូរស័ព្ទ និងជួបអ្នកបានទៅតាមអាទិភាពរបស់អ្នក។ ខ្ញុំបានឃើញភ្ញៀវជាច្រើនមកហើយ ដែលទុកចិត្តអ្នកប្រឹក្សាយោបល់ទាំងអស់នោះ ដែលមក ពី ម៉ាឡេស៊ី ចិន ឫ សាំងហ្គាពួរ ដោយមិនមានវត្តមានពិតប្រាកដនៅភ្នំពេញ ហើយផ្តល់នូវដំណោះស្រាយ ជាមួយនឹងជម្រើស មួយចំនួនតូច ហើយចុងក្រោយ មិនមានភាពសក្តិសមនឹងអ្វីដែលភ្ញៀវចង់បាន»។
ក្រុមហ៊ុន HLG បានអះអាងថា សម្រាប់នៅប្រទេសថៃ (Thailand) គឺមានផ្តល់នូវកម្មវិធីស្នាក់នៅ ចាប់ពី ៥ដល់ ២០ឆ្នាំ ដោយចាប់ផ្តើមការវិនិយោគពី៥០ម៉ឺនបាត ដល់២លានបាត ដោយមានផ្តល់ជូននូវសេវាកម្មពិសេស VIP ខាងផ្នែក គយ និងអន្តោប្រវេសន៍ និង សេវាកម្ម ធនាគារផ្សេងទៀត។ ជនបរទេសនឹងបានទទួល សិទ្ធិឯកជនពិសេស ដើម្បីរស់នៅទីនេះ សម្រាប់ ទិដ្ឋាការរយ: ពេល ២០ឆ្នាំ និងតាមរយ:ការចូលជាសមាជិក ក្នុងតម្លៃ ២លានបាត ឫ ស្មើនឹង ៦៦.៦៦៦ ដុល្លារអាមេរិក។
ដោយឡែកនៅ សហរដ្ឋអាមេរិក (US/EB-5), លោកអ្នកអាចទទួលបាន Green Card តាមរយ:ការវិនិយោគក្នុងចំនួន ៥០ម៉ឺនដុល្លារអាមេរិក ទៅក្នុងមុខជំនួញ ដែលអាចបង្កើតការងារយ៉ាងហោចណាស់ចំនួន១០ សម្រាប់សេដ្ឋកិច្ចរបស់អាមេរិក។ ហើយនៅប្រទេសដូមីនីកា ប្រទេស ៤ទៀត នៅតំបន់ ការ៉ាប៊ីន និងសាធារណរដ្ឋវាណាទូ (Commonwealth of Dominica, 4 other Caribbean Nations, and the Republic of Vanuatu)។ ប្រទេស ដូមីនីកា និង សាន់ ឡូស៊ី មានផ្តល់ជាកម្មវិធីបរិច្ចាគ សម្រាប់រដ្ឋាភិបាល ក្នុងចំនួនទឹកប្រាក់ ១០ ម៉ឺន ដុល្លារអាមេរិក ជាអប្បបរមា ឫ ជម្រើសវិនិយោគទៅក្នុងអចលនទ្រព្យ នៃសណ្ឋាគារដែលទទួលស្គាល់លំដាប់ ពិភពលោកដូចជា Siam Kempinski Dominica។ ប្រទេសបែបជាកោះទាំងអស់នេះផ្តល់នូវការទទួលបាន សញ្ជាតិ និងអាចធ្វើដំណើរទៅ ១២៥ ប្រទេស ដោយមិនចាំបាច់មាន ទិដ្ឋាការ ឫ វីសា រួមមាន ចក្រភពអង់គ្លេស ហុងកុង សាំងហ្គាពួរ រុស្សី ចិន ឌូបៃ ជាដើម។ ថ្មីៗនេះ សាធារណរដ្ឋវាណាទូ បានបង្កើតកម្មវិធីគាំទ្រការ អភិវឌ្ឍន៍ ដោយបានផ្តល់វិនិយោគិន នូវលទ្ធភាពក្លាយជាប្រជាជននៃកោះនៅតំបន់ ប៉ាស៊ីហ្វិក ដ៏ស្រស់ស្អាតនេះ តាមរយ:ការបរិច្ចាគទៅឲ្យរដ្ឋាភិបាល ចំនួន ២២ ម៉ឺនដុល្លារអាមេរិក។
ដោយឡែកសម្រាប់ប្រទេស សាយព្រឺស និង តំបន់អឺរ៉ុប (Cyprus and Europe)។ ប្រទេស សាយព្រឺស មានផ្តល់នូវភាពបត់បែនដ៏អស្ចារ្យ ក្នុងនាមជាសមាជិកក្នុងតំបន់អឺរ៉ុប និងផ្តល់សិទ្ធិដល់ ជនជាតិនេះ ដូចគ្នាទៅនឹងសិទ្ធិរបស់ប្រជាជនទាំងអស់នៅតំបន់អឺរ៉ុប រួមមានការការពារផ្នែកផ្លូវច្បាប់ និងផ្តល់ ដំណោះស្រាយផ្សេងៗ នៅគ្រប់ប្រទេស តំបន់អឺរ៉ុបទាំង ២៨ និង ប្រទេសស្វីស។ ប្រទេស សាយព្រឺស អាចផ្តល់ សិទ្ធិ ធ្វើដំណើរទៅ ១៥៩ ប្រទេស សម្រាប់ការវិនិយោគជាទឹកប្រាក់ ២លានអឺរ៉ូ ទៅក្នុងអចលនទ្រព្យ។ កម្មវិធី ដែលពេញនិយមផ្សេងទៀតរួមមាន ប្រទេស ព័រទុយហ្គាល់ ដែលអាចធ្វើការទិញ អចលនវត្ថុដែលមានតម្លៃ ៥០ម៉ឺនអឺរ៉ូ ដើម្បីទទួលបានសិទ្ធិរស់នៅរយ:ពេល ៥ឆ្នាំ បន្ទាប់មកគឺសិទ្ធិរស់នៅអចិន្ត្រៃយ៍ និងអាចបានសញ្ជាតិ ពេញសិទ្ធិ នៅរយ:ពេល ៦ឆ្នាំក្រោយ។ ចក្រភពអង់គ្លេស នៅតែមានភាពពេញនិយមសម្រាប់ជនជាតិកម្ពុជា និងជាផ្លូវ ឈានទៅរកការតាំងលំនៅអចិន្ត្រៃយ៍ តាមរយ:ការវិនិយោគក្នុងចំនួន ២០ ម៉ឺនផោន។ សម្រាប់ប្រទេស បារាំង ក៏មានផ្តល់ ប័ណ្ណតាំងលំនៅរយ:ពេល ៤ឆ្នាំ និងអាចបន្តសុពលភាពបាន បើសិនជាអ្នកដាក់ពាក្យធ្វើការ វិនិយោគ តម្លៃ ៣០ម៉ឺនអឺរ៉ូ ទៅក្នុងគម្រោងដែលអាចបង្កើតការងារសម្រាប់សេដ្ឋកិច្ចរបស់បារាំង។ ការវិនិយោគ ទាំងនេះគឺ ជាស្ពានឈានទៅរកការទទួលបាន ប័ណ្ណតាំងលំនៅរយ:ពេល ១០ឆ្នាំ ការទទួលបានសិទ្ធិរស់នៅ ជាអចិន្ត្រៃយ័ និងឈានទៅរកការទទួលបានសញ្ជាតិបារាំងសម្រាប់វិនិយោគិន និងគ្រួសារទាំងមូល។
ក្រៅពីនោះ នៅប្រទេស អូស្ត្រាលី (Australia) បានទទួលតំណែងជាគោលដៅនាំមុខគេ រយ:ពេលពីរឆ្នាំជាប់គ្នា ដោយមានអ្នកមានទ្រព្យធន ខ្ពស់ចំនួន ១២.០០០ នាក់បានផ្លាស់លំនៅទៅអូស្ត្រាលី នៅឆ្នាំ ២០១៦។ កម្មវិធីដែលឈានទៅរកការតាំង លំនៅអចិន្ត្រៃយ៍ចាប់ផ្តើមពីការវិនិយោគចំនួន ១,៥ លានដុល្លារអូស្ត្រាលី ទៅដល់ ៥ លានដុល្លារអូស្ត្រាលី។
លោក Bastien Trelcat បាននិយាយថា សម្រាប់កម្មវិធីទាំង ៥ ដែលបានរៀបរាប់ខាងលើ គឹគ្រាន់តែជាប្រទេសមួយចំនួន ដែលបានរៀបចំឡើង ដើម្បី គាំទ្រការធ្វើអន្តោប្រវេសន៍ និងជួយសម្រួលដល់ទាំង បុគ្គល និងសហគ្រាស។ គោលបំណងចម្បងរបស់ Harvey Law Group គឺដើម្បីផ្តល់ការប្រឹក្សាផ្នែកវិនិយោគ ដែលល្អបំផុត និងដើម្បីជួយទាំងជនជាតិកម្ពុជា និងអាណិកជន នៅទូទាំងពិភពលោក៕