(ភ្នំពេញ)៖ នាវេលារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨នេះ អនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជា ប្រចាំខណ្ឌ បានដឹកនាំក្រុមការងារ និងមន្ត្រីសាមាជិកសមាជិកា ចុះសួរសុខទុក្ខ និង នាំយកអំណោយចែកជូន ក្មេងតូចៗ ដែលជាកុមារពិការស្វិតដៃជើង និងក្មេងៗ ដែលមានសតិមិនគ្រប់គ្រាន់ កំពុងរស់នៅក្នុងមជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» ដែលមានទីទាំងស្ថិត តាមបណ្តោយផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
មជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» គឺជាកន្លែងសម្រាប់មើលថែទាំក្មេងៗ ទាំងការរស់នៅ ហូបចុក និងការមើលថែទាំងជម្ងឺផ្សេងៗ ដល់កុមារតូចៗ ដែលសុទ្ធសឹងជាកុមារដែលជាក្មេងអាណាថា បាត់បង់អាណាព្យាបាល ឬពិការភាពស្វិតដៃជើងជាដើម ដែលជាទីតាំងទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់នាយដ្ឋានសុខុមាលភាពកុមារ នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
មជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨០ ដែលកាលពីកំឡុងនោះ គេហៅថា «មជ្ឈមណ្ឌលសង្គ្រោះទារក» លុះមកទល់នឹង ឆ្នាំ២០០៨ ទើបសម្រេចប្តូរមកថា «បុរីទារក និងកុមារជាតិ» ជំនួសវិញ។
ឆ្លៀតក្នុងឱកាសនេះលោក ឌី រ័ត្នខេមរុណ បានមានមតិសំណេះសំណាល និងសួរសុខទុក្ខក្មួយទាំងអស់ ដែលកំពុងទទួលបានការមើលថែទាំ និងផ្តល់ភាពកក់ក្តៅពីសំណាក់ «បុរីទារក និងកុមារជាតិ»។
លោក ឌី រ័ត្នខេមរុណ ក៏បានផ្ដាំផ្ញើបងប្អូនដែលជាបុគ្គលិក និងជាអ្នកមើលថែទាំ ការរស់នៅរបស់ក្មេងៗ ឲ្យចេះមានអនាម័យល្អ ក្នុងការហូបស្អាត រស់នៅស្អាត ដើម្បីធានាបាននូវសុខភាពល្អបរិបូរណ៍ ទាំងកុមារតូចៗដែលមានជម្ងឺ និងអ្នកថែទាំ។
លោក ឌី រ័ត្នខេមរុណ ក៏បានផ្តាំផ្ញើក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សប្បុរ ឬក៏សាសនាអ្វីឡើយ ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទ ក្រហមកម្ពុជា តែងតែចុះជួយបងប្អូនប្រជាពលរដ្ឋជានិច្ច។
អំណោយដែលត្រូវផ្តល់ជូនមជ្ឈមណ្ឌល «បុរីទារក និងកុមាជាតិ» រួមមាន៖ អង្ករ១០ប៉ាវ, មី១៤កេស, ទឹកសុទ្ធ២០យួរ, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ភួយចំនួន៧០ភួយ, ត្រីខ៥យ៉ួរ និងថវិកា៥០ ម៉ឺនរៀលផងដែរ៕