(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះកិច្ចហត្ថលេខាបន្តឧបត្ថម្ភក្លឹបបាល់ទាត់បឹងកេត នៅពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅរោងចក្ររបស់ ក្រុមហ៊ុន ខ្មែរ ប៊ែវ៊រីជីស។
លោក បូរី ស៊ីលីវណ្ណ អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ការឧបត្ថម្ភនេះ គឺជាការចូលរួមចំណែក របស់ក្រុមហ៊ុនក្នុងការលើកស្ទួយវិស័យបាល់ទាត់កម្ពុជា ដែលកំពុងរីកចម្រើនខ្លាំង ហើយយើងសង្ឃឹមថា ការឧមត្ថម្ភក្នុងឆ្នាំនេះ នឹងជួយជ្រោមជ្រែងក្លឹបបឹងកេត ឲ្យទទួលបានសមិទ្ធផលធំៗ ជាច្រើនទៀតក្នុងឆ្នាំ២០១៨នេះ»។
ក្នុងឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្លឹបបាល់ទាត់បឹងកេត បានសម្រេចសមិទ្ធផលជាច្រើនដូចជា ក្លាយជាម្ចាស់ជើងឯកក្នុងលីហ្គកំពូលរបស់កម្ពុជា ជាក្រុមបានចំណាត់ថ្នាក់លេខបី ក្នុងការប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧ (Hun Sen Cup 2017) ជាម្ចាស់ជើងឯកពានសប្បុរសធម៌ CNCC Charity Cup ប្រចាំឆ្នាំ២០១៧ ជាក្លឹបបាល់ទាត់តែមួយគត់ ដែលតំណាងឲ្យកម្ពុជា ចូលរួមប្រកួតដណ្តើមពានរង្វាន់ ក្នុងក្របខណ្ឌសហព័ន្ធបាល់ទាត់អាស៊ី ហៅកាត់ថា «AFC Cup និងជាក្លឹបតំណាងឲ្យកម្ពុជា ក្នុងការប្រកួតដណ្តើមពានរង្វាន់ Singapore Cup»។
ក្រៅពីនេះ ក្លឹបបាល់ទាត់បឹងកេត ក៏បានរៀបចំកម្មវិធី Cambodia Beer Football Tour ដោយបាននាំកីឡាករក្នុងក្លឹបទៅបង្វឹកបាល់ទាល់ដល់ក្មេងៗ ប្រមាណ៥០០នាក់ ក្នុងខេត្តកំពត និងខេត្តកណ្តាល និងបានបង្កើតសាលាបង្រៀនបាល់ទាត់បឹងកេត (Boeung Ket Football Academy School) ដោយសព្វថ្ងៃកំពុងបង្ហាត់សិស្សអាយុពី៨ ទៅ១៤ឆ្នាំចំនួន៦០នាក់ ទៀតផង។
លោក បូរី ស៊ីលីវណ្ណ បានបន្តបញ្ជាក់ថា «តាងនាមជាអ្នកឧបត្ថម្ភធំក្លឹបបឹងកេត ក្រុមហ៊ុនពិតជាមានកិត្តិយសដែលបានចូលរួមដំណើរ ទៅកាន់ជោគជ័យ ដ៏ធំធេងរបស់ក្លឹប»៕