(បន្ទាយមានជ័យ)៖ រថយន្តធុនតូចចំនួន៤គ្រឿង ដឹកផ្ទុកទំនិញសំពីងសំពោងខុសច្បាប់ចរាចរណ៍ផ្លូវគោក បានរងការបង្រ្កាបពីនគរបាលចរាចរខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវសាធារណៈ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ហើយនៅរសៀលថ្ងៃទី១ ខែមីនា ត្រូវបានចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដាក់បទបញ្ជាឲ្យចាត់វិធានការទៅលើរថយន្តដឹកផ្ទុកទំនិញ សំពីងសំពោង ដែលជាផ្នែកមួយបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសផងដែរ។ រថយន្តដឹកទំនិញសំពីងសំពោង ទាំងនោះភាគច្រើន បើកបរនៅពេលយប់ ជារថយន្តដឹកទំនិញចេញពីតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ យកចូលមកក្រុងសិរីសោភ័ណ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
បញ្ហារថយន្ដដឹកសំពីងសំពោងធ្វើដំណើរតាមផ្លូវសាធារណៈនេះដែរ តែងតែរងការរិះគន់ពីប្រជាពលរដ្ឋ ពីការបើកបរមិនគោរច្បាប់ចរាចរណ៍។ វិធានការរបស់លោកស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ជំរុញរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជារថយន្តដឹកផ្ទុកទំនិញសំពីងសំពោង រថយន្តកែច្នៃខុសបច្ចេកទេសខណៈ ដែលលោកមើលឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យ ហាក់បីដូចជាមិនទាន់ មានការថយចុះនៅឡើយនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ជាបន្តបន្ទាប់បណ្តាល ឲ្យជនរងគ្រោះស្លាប់រងរបួសគួរឲ្យព្រួយបារម្ភ។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា គ្រាដែលស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ជំរុញចាត់វិធានការតាមផ្លូវច្បាប់របស់តុលាការ ពីរថយន្តដឹកផ្ទុកសំពីងសំពោង ប៉ុន្តែគេមើលឃើញរថយន្ត ដឹកផ្ទុកទំនិញ សំពីងសំពោងមួយចំនួន ក៏លួចលាក់ធ្វើដំណើរលើផ្លូវសាធារណៈ ក្នុងខេត្តបន្ទាយមានជ័យ នោះផងទៀត។
សេចក្តីរាយការណ៍ដដែល បានបញ្ជាក់ថាថា ពាក់ព័ន្ធការដឹកទំនិញសំពីងសំពោងនោះផងដែរកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នគរបាលស្រុកអូរជ្រៅក៏បានឃាត់ ម៉ូតូរ៉ឺម៉ក១គ្រឿង បានដឹកពូក សំពីងសំពោង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីវិធានការ នោះផងដែរ៕