(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ចំពោះការទទួលមរណភាពរបស់មហាឧបាសិកា តាត់ ឡឹង នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកថា «មរណភាពរបស់មហាឧបាសិកា តាត់ ឡឹង ជាទីគោរពស្រឡាញ់ គឺជាការបាត់បង់ មាតា ជីដូន ជីដូនទូត ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្ដោសប្រណីដ៏ថ្លៃថ្លា និងជាបុព្វការីជន ដែលក្នុងជីវិតរបស់ មហាឧបាសិកា បានពលិកម្មជាច្រើន បូជាសព្វបែបយ៉ាង ទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ លំបាកលំបិនជំនះ រាល់ឧបសគ្គនានា ដើម្បីកូនៗ ចៅៗ មានអនាគតរុងរឿង»

សូមបញ្ជាក់ថា ឧបាសិកា តាត់ ឡឹង ម្តាយបង្កើតនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលមរណភាពនៅវេលាម៉ោង១៤៖៤៥នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

សពឧបាសិកា តាត់ ឡឹង ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឃុំព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕