(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់​ក្នុងពេលឆាប់ៗនេះ ថ្នាក់ដឹកនាំខេត្ត រួមជាមួយប្រជាពលរដ្ឋទូទាំងខេត្ត បានត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

លោក ញ៉ឹក បានខេង បានថ្លែងថា បន្ទាប់ពីកិច្ចពិភាក្សា និងរៀបចំផែនការរួចមកជារៀងរាល់ឆ្នាំ ប្រជារាស្ត្រខ្មែរយើងទាំងក្នុង និងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ជាប្រពៃណីជាតិ ដើម្បីសម្តែងនូវអំណរសាទរស្វាគមន៍ ចំពោះការចូលមកដល់នៃឆ្នាំថ្មីបង្កើតបរិយាកាស សប្បាយរីករាយ ប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ និងរក្សាប្រៃពៃណីទំនៀមទម្លាប់របស់ជាតិឲ្យបានគង់វង្ស និងប្រកបដោយភាពរុងរឿង ដោយប្រទេសជាតិរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាពិសេសទទួលបានសព្វសាធុការពីទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី តាមប្រពៃណីជាតិ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។

លោក ញ៉ឹក បានខេង បានបន្ថែមទៀតថា ខេត្តកំពង់ធំ នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏បានរៀបចំនៅកម្មវិធីសង្ក្រានថ្មីសំបូរព្រៃគុកដែលមានរយៈ ពេលចំនួន៣ថ្ងៃ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណប្រាសាទសំបូរព្រៃគុក ដែលមានចម្ងាយ២៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ដោយមានការប្រគុំតន្ត្រី ល្បែងប្រជាប្រិយ ការសម្តែងសិល្បៈរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ការឡើងសរសរខ្លាញ់ ប្រណាំងរទេះគោ កញ្ញាធ្លាក់ទឹក ជាដើម។ ក្នុងនោះទីរួមខេត្តកំពង់ធំ នៅពេលរាត្រី ក៏មានការបាញ់កាំជ្រួច ដើម្បីឲ្យកម្មវិធីចូលឆ្នាំថ្មីនេះ ឲ្យមានភាពអធឹកអធមបន្ថែមទៀត៕