(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ជីវភាព និងលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រមាណជា៧.៥លានដុល្លារអាមេរិក ដោយមន្ត្រីរាជការម្នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ បន្ថែមលើប្រាក់បៀវត្សប្រចាំខែ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែមីនានេះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា បើតាមតួលេខពីមន្ត្រីជំនាញថវិកាប្រមាណ៣០ពាន់លានរៀល ស្មើនឹងប្រមាណ៧.៥លានដុល្លារ ត្រូវចំណាយលើការឧបត្ថម្ភ ជូនមន្ត្រីរាជការទូទាំងប្រទេស ដោយម្នាក់ៗទទួលបាន៥ម៉ឺនរៀល។
សូមជម្រាបថា ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងកម្មករ កម្មការិនី គឺជាក្តីបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចតេជោ បានខិតខំប្រឹងប្រែងជាប្រចាំដើម្បីលើកកម្ពស់ជីវភាព ឲ្យកាន់តែមានជីវភាពធូរធា ឈានដល់ការលុបបំបាត់ភាពក្រីក្រឲ្យអស់ទាំងស្រុង។
ចំពោះមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្រៅតែពីទទួលបានប្រាក់ឧបត្ថម្ភ២ដងក្នុងមួយឆ្នាំ (បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ) ហើយនោះ រាជរដ្ឋាភិបាលកម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវគោលការណ៍ដំឡើងប្រាក់បៀរវត្ស២ដងក្នុងមួយឆ្នាំផងដែរ។
ជាក់ស្តែងនៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ខែជូនមន្ត្រីរាជការ២ដងផងដែរ ដោយការដំឡើងលើកទី១ ធ្វើឡើងនៅខែមករា ឆ្នាំ២០១៨ គឺជាការដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋាន ក្នុងអត្រា១២ភាគរយក្នុងមួយឆ្នាំ និងការដំឡើងលើកទី២ ធ្វើឡើងក្នុងខែមេសា ឆ្នាំ២០១៨ គឺជាការដំឡើងប្រាក់បំណាច់មុខងារ៕