(ភ្នំពេញ)៖ ដើម្បីជំរុញឲ្យប្រសើរឡើង នូវវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា សាលាអន្ដរជាតិផ្លេនីត បានទិញសិទ្ធិកម្មវិធីសិក្សា និងអាចចាត់ទុកថា ជាសាលាតែមួយគត់ ដែលទទួលបាន អាជ្ញាប័ណ្ណគុណភាព អប់រំមត្តេយ្យសិក្សាអន្តរជាតិពីស្ថាប័ន អាយ ភី ស៊ី របស់សហរដ្ឋអាមេរិក ដែលមានអ្នកជំនាញពីសកលវិទ្យាល័យ ហាវ៉ាត (Harvard) ខាងរៀបចំកម្មវិធីសិក្សា អន្តរជាតិពហុភាសា។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយកិច្ចប្រជុំពិភាក្សាការងាររ វាងភាគីលក់សិទ្ធិកម្មវិធីសិក្សា នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ លោក យ៉ុង ចិត្រា នាយកសាលា បានថ្លែងថា «សាលាផ្លេនីត ទើបបើកឲ្យដំណើរការ ក្នុងឆ្នាំ២០១៧ ដែលផ្តល់ការអប់រំ ភាសាចំនួន៣ រួមមាន៖ ភាសាខ្មែរ អង់គ្លេស និងភាសាចិន ហើយបច្ចុប្បន្នមានកម្មវិធី សិក្សាសម្រាប់មតេយ្យ និងបឋមសិក្សា»។
លោក យ៉ុង ចិត្រា បានបញ្ជាក់ថា ការទិញកម្មវិធីសិក្សាពីសហរដ្ឋអាមេរិកនេះ ដោយមើលឃើញថា ក្មេងជំនាន់ក្រោយនឹងមានសិទ្ធិ ហើយសាកសមនឹងទទួលបានការអប់រំមួយ ដែលមានគុណភាព ដូចទៅនឹងកុមារ ដែលទទួលការសិក្សានៅ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងសឹង្ហបុរីជាដើម ហើយដើម្បីសម្រេចបានក្តីសុបិននេះ សាលាក៏បានខិតខំប្រឹងប្រែងផ្តល់នូវ ស្ថានសិក្សា មួយដែលមានទាំងសុវត្ថិភាព និងគុណភាព ដើម្បីជំនួយដល់ការអភិវឌ្ឍរបស់កុមារគ្រប់វ័យ។
ជាមួយគ្នានេះ លោក Peter de Beer នាយកប្រតិបត្តិ នៃ International Preschool Curriculum ហៅកាត់ IPC បានឲ្យដឹងថា គិតមកដល់ពេលនេះ លោកបានលក់សិទ្ធិកម្មវិធីសិក្សា ជូនដល់ប្រទេសប្រមាណជាង២០០ហើយ នៅទូទាំងពិភពលោក។
លោកបានបន្តថា កម្មសិក្សារបស់លោក គឺផ្តល់ការអប់រំ ដែលសមស្របទៅតាមតម្រូវការសិក្សាខុសៗគ្នា របស់កុមារម្នាក់ៗ ដោយស្វែងយល់ពីចំណង់ចំណូលចិត្ត និងរបៀបរៀនផ្សេងៗ ផ្តល់ដល់កុមារគ្រប់រូបនូវ បទពិសោធន៍នៃការសិក្សា ដ៏សម្បូរបែបតាមរយៈការអនុវត្តផ្ទាល់ ការលើកទឹកចិត្តឲ្យទទួលបានជោគជ័យ ដែលជាកត្តាជំរុញដល់ការអភិវឌ្ឍ បញ្ញា រូបរាងកាយ និងស្មារតី ចូលរួមសង្គមរបស់កុមារជាដើម៕