(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រដ្ឋាភិបាលអូស្រ្តាលី បានអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី មិនមែនឱ្យជិះតាក់ស៊ី (Taxi) នោះទេ ប៉ុន្តែគឺជិះរថយន្តគណៈប្រតិភូ ដោតទង់ជាតិកម្ពុជា តំណាងឱ្យកម្ពុជា និងតំណាងឱ្យប្រទេសសមាជិកអាស៊ានផងដែរ។
ការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចំណាយ ថវិកាសាងសង់ជិត ៤លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំទៅអូស្រ្តាលី រដ្ឋាភិបាលអូស្រ្តាលី ក៏ត្រូវទទួលខុសត្រូវ។ មិនមែនខ្ញុំទៅនេះជិះតាក់ស៊ីនោះទេ ជិះឡាន ដាក់ទង់ជ័យ បើប្រទេសណា ជិះឡានដាក់អ្វីគឺដាក់ដូចគ្នា។ ក្នុងឋានៈជានាយករដ្ឋមន្រ្តី នៃប្រទេសឯករាជ្យ អធិបតេយ្យមួយ ហើយក៏ជាសមាជិកអាស៊ាន បើអាស៊ានមានតែ៩ គឺមិនហៅថាអាស៊ានទេ ហើយបើសិនជា សមាជិកអាស៊ានកម្ពុជា ប្រឆាំងជំទាស់សេចក្តីថ្លែងការណ៍ណាមួយ ក៏វាទៅមិនរួចដែរ»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៀតថា សម្រាប់ការទៅចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នៅពាក់កណ្តាលខែនេះ គឺរដ្ឋាភិបាលអូស្រ្តាលី បានអញ្ជើញសម្តេចជាមុនដោយសារតែ រដ្ឋាភិបាលប្រទេសនេះ បានស្គាល់ពីអាស៊ាន ហើយសម្តេចក៏បានសន្យាចំពោះការអញ្ជើញរបស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បីទុកកិត្តិយសដល់ប្រទេសនេះផងដែរ ប៉ុន្តែបើសិនជាកាលនោះ សម្តេចបានបដិសេធនោះ កិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នឹងក្លាយជាគ្មានន័យ ហើយមិនអាចចេញសេចក្តីសម្រេចណាមួយបានឡើយ។ ចំពោះរឿងនេះ រដ្ឋាភិបាលអូស្រ្តាលី គួរតែអរគុណ សម្តេចទៅវិញទេ។
សម្តេចតេជោបានបញ្ជាក់បែបនេះថា៖ «ពេលហ្នឹងអូស្រ្តាលី គួរតែអរគុណ លោក ហ៊ុន សែន ទៅវិញទេ ដែលគាំទ្រសម្រាប់ ការប្រជុំរំលឹកខួបអនុស្សាវរីយ៍ ក្នុងប្រទេសអូស្រ្តាលី។ សូមផ្តាំទៅឱ្យរៀនសូត្រពីអាស៊ានឱ្យបានច្បាស់ ប្រសិនបើពេលហ្នឹង ខ្ញុំព្រះករុណាខ្ញុំនិយាយត្រឹមតែថា "ខ្ញុំទៅមិនបានទេ សូមលើកកិច្ចប្រជុំទៅពេលក្រោយក៏បាន ព្រោះខ្ញុំត្រូវជាប់បោះឆ្នោត" ប្រទេសមួយចំនួនគេមានកិច្ចការរបស់គេដែរ ប៉ុន្តែយើងត្រូវតែទៅ ដើម្បីផ្តល់កិត្តិយសឱ្យអូស្រ្តាលី ក្នុងពេលដែលយើងទៅចូលរួម ប្រជុំអាស៊ាន-ឥណ្ឌា២ដងហើយ យើងទៅប្រជុំអាស៊ាន-កូរ៉េ ១ដង ហើយអាស៊ាន-ជប៉ុន, អាស៊ាន-ចិន អញ្ចឹងយើងក៏គួរផ្តល់នូវឱកាស សម្រាប់មេដឹកនាំអាស៊ាន នៅលើទឹកដីអូស្រ្តាលី»។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រហែលជាមានតែពលរដ្ឋដែលមានសញ្ជាតិខ្មែរផង អូស្រ្តាលីផង មួយចំនួនប៉ុណ្ណោះ ដែលពុំយល់ច្បាស់អំពីអាស៊ាន ហើយចង់បំផ្លាញដល់កិច្ចប្រជុំនេះ។ ពួកគេចង់ឱ្យកិច្ចប្រជុំអាស៊ាន-អូស្រ្តាលីមិនគ្រប់ទឹក ប៉ុន្តែត្រូវសម្តេចបញ្ជាក់ថា សេចក្តីសម្រេចរបស់អាស៊ាន មិនដូចនឹងសេចក្តីសម្រេច នៅក្នុងសភាឡើយ។ អាស៊ានត្រូវការសម្រេចជាឯកច្ឆ័ន្ធ មិនមែនតាមមតិភាគច្រើនទេ។
សម្តេចបានបញ្ជាក់ថា៖ «អាស៊ានបើមិនអញ្ជើញ ហ៊ុន សែន បានសេចក្តីថា វាមិនគ្រប់ទឹក មិនដូចសភាទេ បានសេចក្តីថា ក្នុងសភាគេមានសំឡេងភាគច្រើន សំឡេងភាគតិច ប៉ុន្តែអាស៊ានអត់មានសំឡេងភាគច្រើន និងសំឡេងភាគតិចទេ គឺធ្វើការតាមឯកច្ឆ័ន្ធ ទាល់តែអាស៊ានទាំងអស់ឯកភាពគ្នា ទើបអាចចេញសេចក្តីថ្លែងការណ៍ណាមួយបាន»។
សម្តេចបានចាត់ទុកថា ពួកអ្នកព្យាយាមញុះញង់ឱ្យដុតរូបថតសម្តេច គឺកំពុងតែចាញ់បញ្ញាសម្តេចហើយ ដោយសម្តេចគ្រាន់តែញុះសាកល្បងក្រុមទាំងនោះ ដែលមាន អ្នកនៅពីក្រោយ ក៏ពុះកញ្ច្រោលអនុវត្ត។ សម្តេចអះអាងថា បើសិនជាចង់បំផ្លាញសម្តេច មានតែដុត និងវាយបំផ្លាញនាគរាជក្នុងវត្តទាំងអស់បុណ្ណោះ មិនមែនដុតត្រូវតែ ទីងមោង ឬរូបថតនោះទេ។
សម្តេចបានបន្ថែមទៀតថា «វិធីនេះ ឯងគ្រាន់តែញុះថ្ងៃមុនបន្តិច ទៅដុតរូបឯងពេញទឹកពេញដី។ ដុតទៅ ! នុះណ៎ ! ព្រលឹងរបស់ខ្ញុំព្រះកុរណាខ្ញុំ នៅនឹងនាគរាជ នៅជាប់នឹងវត្ត ជាមួយវិហារនោះឯង អញ្ជឹងទាល់តែអ្នកឯងដើរវ៉ៃនាគរាជតាមវិហារទាំងអស់ បានខ្ញុំព្រះករុណាខ្ញុំអស់ជីវិត ព្រោះដួងកែវរបស់ខ្ញុំព្រះករុណាខ្ញុំ នៅជាប់នឹងនាគរាជនៅក្នុងព្រះវិហារ បើអ្នកឯងចិត្តខ្លាំង ដុតទាំងអស់ទៅ»៕