(ភ្នំពេញ)៖ ការបណ្តុះបណ្តាលលើកដំបូង ស្តីអំពីវិធីសាស្ត្រស្វែងរកការងារពីចំងាយ បានប្រព្រឹត្តិទៅរយៈពេលជិត២ខែ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គោលបំណងនៃវគ្គនេះ គឺផ្តល់នូវសមត្ថភាព ដល់និស្សិតដែលនឹងបញ្ចប់ការសិក្សាឲ្យងាយស្រួល ប្រឡូកចូលក្នុងទីផ្សារការងារ។
វគ្គបណ្តុះបណ្តាលនេះ មាននិស្សិតឆ្នាំទី៣ ទី៤ ទី៥ និងថ្នាក់ម៉ាស្ទ័រ ផ្នែកស្ថាបត្យកម្ម និងបុរាណ វិទ្យាប្រមាណ១៥នាក់ ដែលចេះភាសាបារាំងយ៉ាងល្អ ហើយសិក្សាជាចេះភាសាបារាំង បានចូលរួមសិក្សាតាំងពីចុងខែធ្នូ ឆ្នាំ២០១៧ ទើបបានបញ្ចប់ នាថ្ងៃទី២៧ កុម្ភៈ២០១៨។
នេះជាលើកទី១ហើយ ដែលមានការសិក្សាផ្ទាល់ ជាមួយគ្រូឧទ្ទេសពាក់កណ្តាល ពេលនៅក្នុងថ្នាក់ និងពាក់កណ្តាលពេលទៀត សិក្សាដោយខ្លួនឯង ពីចំងាយនៅលើគេហទំព័រមួយ ដែលបង្កើតឡើងដោយទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង (AUF) នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក (MIP-Hybride)។
លោក សុខ ដារ៉ា គ្រូឧទ្ទេស និងជាសាស្ត្រាចារ្យភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា ក្រោយពីបញ្ចប់ការសិក្សានេះទៅ និស្សិតនឹងមានសមត្ថភាពអាច បង្កើតគំរោងអាជីពរបស់ខ្លួន ចេះនិយាយអំពីខ្លួនឯង ចេះសរសេរប្រវត្តិរូប និងលិខិតស្នើសុំការងារ និងចេះត្រៀមខ្លួន ទៅសម្ភាសន៍ការងារបានល្អ។ ពួកគេក៏នឹងចេះ បង្កើតគំរោងការងារ ដោយខ្លួនឯង និងចេះនូវជំនាញទន់ជាច្រើនទៀតដូចជា ការគ្រប់គ្រងពេលវេលា ការផ្លាស់ប្តូរគំនិតគ្នាពីចំងាយ។
លោក បានចាប់អារម្មណ៍ថា វាជាវិធីសាស្ត្របង្រៀនមួយថ្មី ហើយតម្រូវឲ្យនិស្សិតស្វ័យសិក្សាដោយខ្លួនឯង មានឯករាជ្យ រៀនធ្វើលំហាត់អនឡាន និងចេះពិភាក្សាគ្នា ក្នុងករណីមាន បញ្ហាអ្វីមួយមិនយល់។ ម្យ៉ាងវិញទៀតនិស្សិតទាំងឡាយ ពេលមកដល់ក្នុងថ្នាក់ គឺដើម្បីចែក រំលែកការយល់ដឹងជាមួយគ្នា និងចោទសំណួរទៅវិញទៅមក និងចោទសួរគ្រូឧទ្ទេស។
កម្មវិធីបណ្តុះបណ្តាលនេះ បង្កើតឡើងជាលក្ខណៈឆ្លាស់គ្នា រវាងការបង្រៀនក្នុងថ្នាក់ និងការសិក្សាដោយខ្លួនឯង ពីចំងាយនៅលើគេហទំព័រតាមរយៈស្មាតហ្វូន ថាប្លេត ទៅតាមពេល វេលា និងទីកន្លែងផ្សេងៗ ដែលសិក្ខាកាមពេញចិត្ត ដោយធ្វើការជាមួយគ្រូដឹកនាំ តាមរយៈការឆាតលើហ្វរ៉ុម នៃគេហទំព័រនោះ។ ការសិក្សាដែលមានរយៈពេល ៦សប្តាហ៍នេះ ផ្តោតលើ ការប្រមូលផ្តុំសមត្ថភាព និងវាយតម្លៃខ្លួនឯង ការធ្វើគំរោងអាជីព និងបច្ចេកទេសស្វែងរកការងារ។
តាមរយៈការសិក្សាកន្លងមក សិក្ខាកាមបានចែករំលែក នូវចំណាប់អារម្មណ៍របស់ខ្លួន ស្តីអំពីកម្មវិធីច្នៃប្រឌិតថ្មីនេះ កញ្ញា សឿ ចំរើនសិទ្ធី និស្សិតថ្នាក់ម៉ាស្ទ័រផ្នែកបុរាណវិទ្យា បានឲ្យដឹងថា នាងបានយល់អំពីរបៀប ធ្វើការសម្រេចចិត្តមុននឹង ដាក់ពាក្យស្នើសុំការងារណាមួយ។
កញ្ញាបានបញ្ជាក់ថា «យើងត្រូវចេះស្គាល់ខ្លួនឯង ឲ្យច្បាស់ជាមុនសិន ស្គាល់នូវសមត្ថភាពរបស់ខ្លួន ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន។ ត្រូវដឹងនូវអ្វីដែលខ្លួនធ្វើ និងត្រូវធ្វើ»។ ចំពោះនាងផ្ទាល់ គឺត្រូវតែមានមហិច្ឆតាជានិច្ច ទាំងក្នុងការសិក្សា និងការងារ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខ នាងប្រាថ្នាចង់ក្លាយ ជានាយិកាស្រាវជ្រាវ ឫសាស្ត្រាចារ្យបណ្ឌិត។
លោក ជា រតនៈបញ្ញា និស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្ម បានចាប់អារម្មណ៍យ៉ាងខ្លាំង នូវអន្តរសកម្មភាពរវាងសាស្ត្រាចារ្យ និងនិស្សិតក្នុងក្របខ័ណ្ឌ នៃកម្មវិធីបណ្តុះបណ្តាលថ្មីនេះ។
ប្អូនបានកត់សំគាល់ថា មានការលំបាកបន្តិចទាក់ទងពាក្យបច្ចេកទេស នៅពេលចាប់ផ្តើមសិក្សាតាមរបៀបថ្មីនេះ។ ប៉ុន្តែក្រោយពីបានសិក្សាមួយរយៈខ្លីអ្វីៗទៅជាធម្មតាវិញ។ «ផ្ទុយទៅ វិញខ្ញុំរៀនចេះ បានច្រើនដូចជារបៀបសរសេរ CV និងលិខិតស្នើសុំការងារ ខ្ញុំដឹងនូវអ្វី ដែលត្រូវនិយាយនៅពេលសម្ភាសន៍ និងជាពិសេសយល់អំពីវប្បធម៌ខ្លះៗ ក្នុងអាជីពការងារ»។
និស្សិត សេង ស៊ីថា ឆ្នាំទី៤ ផ្នែកបុរាណវិទ្យា បានបញ្ជាក់ថា វាជាលើកទី១ហើយ ដែលប្អូនធ្វើការសិក្សាតាមប្រព័ន្ធអ៊ីនធឺណែត។ មានការលំបាកបន្តិច នៅពេលចាប់ផ្តើម ប៉ុន្តែពីបីម៉ោង ក្រោយមកអ្វីៗ ដំណើរការល្អធម្មតា ហើយក៏ទម្លាប់ខ្លួនបានយ៉ាងល្អ។ ខ្ញុំរៀនបានច្រើននូវពាក្យថ្មីៗជាច្រើន និងចេះរបៀបដាក់បេក្ខភាព ស្វែងរកការងារ ឫស្នើសុំអាហារូបករណ៍។
បន្ទាប់ពីមានការបណ្តុះបណ្តាល សាកល្បងដំបូងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរួចមក នូវមានគ្រឹះស្ថានឧត្តមសិក្សា មួយចំនួនទៀត បានត្រៀមរួចហើយ ក្នុងការបញ្ចូលកម្មវិធី បណ្តុះបណ្តាលទំនើបនេះ ក្នុងកម្មវិធីអប់រំរបស់ខ្លួន។ កម្មវិធីនេះ បង្កើតឡើងសំរាប់ការបណ្តុះបណ្តាល ជាភាសាបារាំងនៅតាមគ្រឹះស្ថាន ជាសមាជិករបស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ ភាសាបារាំង (AUF)៕