(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្រេចឲ្យសាងសង់ផ្លូវបេតុងមួយខ្សែប្រវែងជាង១៦គីឡូម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋ នៅស្រុកស្រីសន្ធរ ដើម្បីជួយសម្រួលការធ្វើដំណើរជូនពួកគាត់។ ផ្លូវនេះត្រូវចំណាយថវិកាសាងសង់ប្រមាណ៦លានដុល្លារអាមេរិក ហើយលោកឧកញ៉ា ថៃ ជាហួត ជាអ្នករ៉ាប់រងលើការសាងសង់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចំណាយថវិកាសាងសង់ជិត៤លានដុល្លារអាមេរិក។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «សរុបផ្លូវដែលត្រូវសាងសង់ពីបេតុងចំនួន១៦គីឡូ និង៩៧០ម៉ែត្រ ហើយសូមប្រកាសបើកការដ្ឋានសាងសង់ ចាប់ពីថ្ងៃនេះតទៅម្តង ហើយអស់លុយប៉ុន្មានទារពី ប៉េង ហួត ដាក់គ្រឿងចក្រមកហើយស្រុកកំណើតរបស់គាត់ នេះជាសិល្បះនៃការចែករំលែក ឬវប្បធម៌នៃការចែករំលែក»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងដំណាក់កាលចុងក្រោយនេះប្រទេសរបស់យើងមានការកើនឡើងនូវចំនួនអ្នកមាន ហើយការកើនឡើងនៅចំនួនអ្នកមាន យើងសប្បាយជាមួយ នៃការកើនឡើងចំនួនអ្នកមាន ប៉ុន្តែបក្សប្រឆាំង បែរជាប្រកាសថា ប្រសិនបើគេឈ្នះ គេនឹងរឹបអូសទ្រព្យសម្បត្តិពីអ្នកមានឲ្យទៅអ្នកក្រទៅវិញ។ ប៉ុន្តែរាជរដ្ឋាភិបាលគិតថា អ្នកមានកាន់ច្រើនការបង់ ពន្ធជូនរដ្ឋ ក៏កាន់តែច្រើនសម្រាប់កសាងប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នករកស៊ីរបស់យើងកាន់តែធំ បង់ពន្ធមួយឆ្នាំៗ គឺមានចំនួនកាន់តែច្រើន ឧទាហរណ៍គ្រាន់តែក្រុមហ៊ុនមួយ គឺក្រុមរបស់ជីបម៉ុង របស់ឧកញ៉ា លាង ឃុន បង់ពន្ធប្រមាណ៥០ ទៅ៦០លានដុល្លារ។ ហើយតាមការប៉ានប្រមាណផ្លូវមួយខ្សែនេះ អាចនឹងសាងសង់រួចដោយប្រើពេលរយៈពេលមួយឆ្នាំ»៕