(សៀមរាប)៖ ២ខែដំបូង ឆ្នាំ២០១៨ (ពីខែមករា ដល់ ខែកុម្ភៈ) មានភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន៥៩០,២០២នាក់ កើន ៩.៥៤ភាគរយ ទទួលបានចំណូលសរុប២៧,៤៨៨,៧៥៤ដុល្លារអាមេរិក កើន៣៥.៤៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧កន្លងទៅ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែល Fresh News ទើបទទួលបានៅថ្ងៃទី០១ ខែមីនានេះ។
រយៈពេល២ខែកន្លងទៅនេះ ចំណូលបានពីការលក់ប័ណ្ណចូលទស្សនាអង្គរចំនួន ១,១៨០,៤០៤ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា ។
ដោយឡែក នៅក្នុងរយៈពេលពេញ១ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរបរទេសចំនួន២៩៥,៣៨៩នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលអាចរកចំណូលជូនរដ្ឋបាន ១៤,០០៩,០៦៨ដុល្លារអាមេរិក និងបានចំណូលចំនួន៥៩០,៧៧៨ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា។
សូមរំលឹកថា ក្នុងរយៈពេល៦ថ្ងៃ នៃកំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីយ៍ចិន-វៀតណាម មានភ្ញៀវទេសចរបរទេស រហូតដល់ ៧៤,២០២នាក់ បានសម្រុកមកទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ៕