(ភ្នំពេញ)៖ ប្រទេសអូទ្រីស បានបើកភ្លើងខៀវ ដោយបានត្រៀមរួចជាស្រេចដើម្បីផ្តល់ឥណទាន សម្បទាន និងហិរញ្ញប្បទានឥតសំណងនាពេលឆាប់ៗខាងមុខនេះ ដល់ប្រទេសកម្ពុជា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីជំនួបពិភាក្សារវាងលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Eva Hanger ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំនៅកម្ពុជា ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោកស្រី Eva Hanger បានគូសបញ្ជាក់ថា ភាគីអូទ្រីសមានគោលបំណងផ្តល់ជូនលក្ខខណ្ឌឥណទាន ដែលមានលក្ខណៈសម្បទានខ្ពស់ដល់កម្ពុជា សម្រាប់គម្រោងជាក់លាក់មួយចំនួន ដែលស្របតាមអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយភាគីមិត្តក៏បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីផ្តល់ឥណទាន សម្បទាន និងហិរញ្ញប្បទានឥតសំណង នាពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតរូបនេះ ទទួលស្គាល់ និងគូសបញ្ជាក់បន្ថែមអំពីការប្តេជ្ញារបស់ប្រទេសអូទ្រីស ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រកបដោយចីរភាព។

សូមជម្រាបជូនថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មានវិនិយោគិនអូទ្រីស ១៧ក្រុមហ៊ុន ចូលរួមជាមួយគណៈប្រតិភូ ហើយក៏បានជួបពិភាក្សាកម្រិតបច្ចេកទេសដោយឡែកៗ ជាមួយថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបរិយាកាសវិនិយោគនៅកម្ពុជា និងការរៀបចំគម្រោងជាក់លាក់ជាមួយក្រសួង ស្ថាប័ន នៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឳកាសនោះដែរ លោកស្រី Eva Hanger បានស្នើឲ្យមានការអនុគ្រោះនានាចំពោះវិនិយោគិនអូទ្រីស ដែលមានបំណងមកវិនិយោគនៅកម្ពុជាផងដែរ៕