(សៀមរាប)៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០១៧ ខណៈអ្នកពិគ្រោះសម្រាកព្យាបាលជំងឺ សរុបជិត៤ម៉ឺននាក់ និងលើកទិសដៅការងារឆ្នាំ២០១៨ ស្ថិតនៅសាលមហោស្រព នៃមន្ទីរពេទ្យគន្ធបុប្ផា/មន្ទីរពេទ្យជ័យវរ័ន្មទី៧ ខេត្តសៀមរាប។
ក្នុងពិធីបើកសន្និបាតបូកសរុបនេះដែរ គឺប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លោក លី ទឹង សមាជិកក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ វិស័យឯកជន និងអង្គការដៃគូរពាក់ព័ន្ធសរុបជាង ៤០០រូបផងដែរ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីសុខាភិបាលខេត្តសៀមរាប បានស្វាគមន៍ និងសង្ខេបថា ខេត្តសៀមរាបមានប្រជាជនសរុប១,០២៩,២៣៩នាក់ និងមានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចំនួន៤, មន្ទីរពេទ្យបង្អែកស្រុកចំនួន ៤, មន្ទីរពេទ្យខេត្តចំនួន ១, មណ្ឌលសុខភាពចំនួន ៩១, ប៉ុស្តិ៍សុខភាពចំនួន ៣, និងមានមន្ទីរពេទ្យដៃគូរធំៗ ចំនួន២ គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានផ្ដល់សេវាពិគ្រោះ និងព្យាបាលយ៉ាងសកម្មជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសសេវាសម្រាលកូន និងព្យាបាលជំងឺកុមារ។
មន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា មន្ត្រីរាជការក្របខ័ណ្ឌបម្រើការងារសរុបចំនួន ៩៩៥រូប ក្នុងនោះ ៥៣%បម្រើការនៅមណ្ឌលសុខភាព, ៣៦% នៅតាមន្ទីរពេទ្យ, និង ១១% បម្រើការជាមន្ត្រីរដ្ឋបាល-កិច្ចសន្យា។ បើគិតពីទំហំការងារ គឺវេជ្ជបណ្ឌិតម្នាក់ត្រូវទទួលពិគ្រោះព្យាបាលជំងឺ ១១,៤៤៩នាក់ ហើយគិលានុបដ្ឋាយិកាម្នាក់ថែទាំជំងឺ ២,២៨៤នាក់ និងឆ្មបម្នាក់ ត្រូវទទួលថែទាំជំងឺ ៣,១៣៥នាក់ ក្នុងរយៈពេលមួយឆ្នាំ២០១៧កន្លងទៅនេះ។
លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាល បានធ្វើសេចក្ដីរាយការណ៍ក្នុងកិច្ចបើកសន្និបាតនេះថា នៅទូទាំងខេត្តមានគ្រែអ្នកជំងឺសរុប ៥៦១គ្រែ និងគ្រែជំងឺរបេង ១៥៣គ្រែ (ដោយមិនរាប់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧) ហើយមន្ទីរពេទ្យបានទទួលពិគ្រោះជំងឺក្រៅសរុបចំនួន ១,០៧២,៤២៩នាក់ ដែលបានទទួលអ្នកជំងឺឲ្យចូលសំរាកព្យាបាលសរុបបានចំនួន ៣៨,៤៩០នាក់ និងចំនួនអ្នកស្លាប់មានចំនួន ៥៥៣នាក់ ស្មើនឹង ១.៤៤%។
លោកវេជ្ជបណ្ឌិតបានបន្តថា សម្រាប់ឆ្នាំ២០១៧កន្លងទៅនេះ អ្នកជំងឺសម្រាក់នៅមន្ទីពេទ្យកើនឡើងជាងឆ្នាំ២០១៦ អត្រាប្រើប្រាស់គ្រែ ១០៣% និងវះកាត់សរុបបាន ៥,៣១៣ករណី កើនជាងឆ្នាំ២០១៦ ចំនួន ២៩១ករណីពិសេស នៅមន្ទីរពេទ្យខេត្ត ដែលមានរយៈពេលព្យាបាលជាមធ្យម ៤ទៅ ៥ថ្ងៃ ហើយអ្នកជំងឺចូលសម្រាក់ព្យាបាលច្រើនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍ និងជំងឺរលាកផ្លូវដង្ហើម និងភាគរយអ្នកជំងឺដែលស្លាប់ច្រើនជាងគេ ក្នុងមន្ទីរពេទ្យ គឺជំងឺស្ទះសសៃឈាមខួរក្បាល។
លោកវេជ្ជបណ្ឌិត ពិន ប្រាកដ បានលើកឡើងក្នុងសន្និបាតនេះថា លោកបានសម្ដែងការកោតសរសើរ ចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ និងដៃគូរ ព្រមទាំងអាជ្ញាធរដែលដី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការឆ្លើយតបនូវតម្រូវការផ្នែកសុខាភិបាល តាមតួនាទី និងភារៈកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ។ ចំណែកសមិទ្ធផលជាច្រើន ដែលមន្ទីរសុខាភិបាលខេត្តសម្រេចបានក្នុងឆ្នាំ២០១៧ គឺស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកបានគូសបញ្ជាក់ថា «ជាការពិតយើងបានជួបនូវបញ្ហាប្រឈម ដែលនៅសេសសល់មួយចំនួន ត្រូវត្រួតពិនិត្យ និងវាយតម្លៃឲ្យបានស៊ីជម្រៅរាល់សកម្មភាពការងារ ដែលយើងបានអនុវត្តរយៈពេលពេញមួយឆ្នាំកន្លងទៅ ប្រកបដោយចក្ខុវិស័យ ដើម្បីមានមូលដ្ឋានជាក់លាក់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តបន្តឲ្យទទួលបានជោគជ័យក្នុងឆ្នាំបន្តខាងមុខ។ សំខាន់នោះ គឺគ្រប់ប្រតិបត្តិករក្នុងវិស័យសុខាភិបាល និងតួអង្គពាក់ព័ន្ធផ្សេងៗទៀត ត្រូវប្រមូលផ្តុំនូវទស្សនៈ និងបញ្ញាញាណក្នុងការធ្វើកិច្ចការងាររួមគ្នា ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍផ្នែកសុខាភិបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់»៕