(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានបើកយុទ្ធនាការប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «កងពលតូចលេខ៧០ គ្មានគ្រឿងញៀន» ដើម្បីធ្វើយ៉ាងណា កុំឲ្យមានគ្រឿងញៀន មកប៉ះពាល់ដល់នាយទាហាន ពលទាហាន នៅក្នុងកងពលតូចលេខ៧០។
យុទ្ធនាការប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «កងពលតូចលេខ៧០ គ្មានគ្រឿងញៀន» ខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧត្ដមសេនីយ៍ឯក ហែម ថា មេបញ្ជាការរង និងជានាយសេនាធិការកងពល។
លោកឧត្ដមសេនីយ៍ឯក ហែម ថា បានឲ្យដឹងថា ថ្ងៃនេះ គឺជាឱកាសថ្មីមួយ ក្នុងឆ្នាំ២០១៨ ដែលរៀបចំឲ្យមានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «កងពលតូចលេខ៧០ គ្មានគ្រឿងញៀន» ជារួមគឺជារបត់ថ្មីមួយ កាន់តែធ្វើឲ្យកងពលជឿជាក់ថា គ្មានយោធិនរូបណា ពាក់ព័ន្ធនឹងគ្រឿងញៀន ឬឆ្លើយតប «ទេ» ចំពោះគ្រឿងញៀន។
មេបញ្ជាការរង និងជានាយសេនាធិការកងពលរូបនេះ ក៏សម្ដែងនូវការកោតសរសើរខ្ពស់ ចំពោះអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដែលខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានរួមចំណែកធ្វើឲ្យសង្គមជាតិទាំងមូល កាន់តែចាកឆ្ញាយពីគ្រឿងញៀន។
លោកឧត្ដមសេនីយ៍ឯក បានបន្ថែមទៀតថា ជាពិសេសបានធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រឿងញៀន បានរួចផុតពីគ្រឿងញៀននេះ និងមានបានរួចផុតពីគ្រោះថ្នាក់នេះ និងមានអនាគតភ្លឺថ្លា និងប្រកបរបរចិញ្ចឹមជីវិត និងគ្រួសារឡើងវិញទៀតផង។
កញ្ញាវរសេនីយ៍ទោ យុង ខេមរា នាយរងសេនាធិការ និងជានាយការិយាល័យទី៥ ទទួលបានការងារអប់រំផ្សព្វផ្សាយ និងនយោបាយបានលើកឡើងថា ការធ្វើយុទ្ធនាការនេះ គឺដោយសារតែបច្ចុប្បន្ន នៅតែមានចំនួនអ្នកដែលរងគ្រោះ និងអ្នកប្រើប្រាស់គ្រឿងញៀន គួរឲ្យកត់សម្គាល់ ទោះបីជាបទល្មើសគ្រឿងញៀនមានការថយ តាម របាយការណ៍របស់អាជ្ញាធរជាតិ២០% ក៏ពិតមែន។
កញ្ញាវរសេនីយ៍ទោ យុង ខេមរា បានបន្ថែមទៀតថា នេះជាកត្ដាមួយដែលលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅតែព្រួយបារម្ភ ពីព្រោះ បារម្ភខ្លាចក្រែងតែបញ្ហាគ្រឿងញៀននេះ អាចជ្រាមចូលទៅក្នុងតាមអង្គភាព ជាពិសេសនៅក្នុងកងពលតូចលេខ៧០។
នាយរងសេនាធិការ និងជានាយការិយាល័យទី៥ ទទួលបានការងារអប់រំផ្សព្វផ្សាយ និងនយោបាយរូបនេះ បានបញ្ជាក់ផងដែរ «រៀងរាល់ពេល ដែលមានយោធាថ្មី ចូលមកបម្រើការ នៅក្នុងកងពល គឺយើងតែងតែពិនិត្យសុខភាព...កាលណាសុខភាព ពិនិត្យហើយ មើលឃើញថា មានពាក់ព័ន្ធទៅនឹងគ្រឿងញៀន គឺយើងតែងបណ្ដេញចេញពីក្របខ័ណ្ឌជានិច្ច»។
កញ្ញាវរសេនីយ៍ទោ យុង ខេមរា បានបន្ដទៀតថា នៅក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០នេះ គឺអត់មានការលើកលែងជាដាច់ខាត ចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងគ្រឿងញៀន...គ្មានលើកទី១ លើកទី២ទេ ឲ្យតែឃើញ គឺកងពលបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។
ជាមួយគ្នានោះ វរសេនីយ៍ទោ យុង ខេមរា ក៏បានឲ្យដឹងដែរថា កងពលតូចលេខ៧០ ក៏បានស្នើទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរួចរាល់ហើយដែល ដើម្បីពង្រឹងកិច្ចសហការ ប្រតិបត្តិការរវាងគ្នា ចំពោះករណីគ្រឿងញៀននេះ៕