(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានប្រោសប្រទានគ្រឿងឥស្សរិយយស ជាកិច្ចបច្ឆាមរណៈ ជូនចំពោះសពមហាឧបាសិកា តាត់ ឡឹង ម្ដាយបង្កើតនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង​ ប៊ុនហៀង ថ្នាក់មហាសេរីវឌ្ឍន៍។ នេះបើយោងតាមប្រកាសនីយបត្រ គ្រឿងឥស្សរិយយស ដែលចេញដោយសម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះមរបរាជរាំង។

សូមបញ្ជាក់ថា ឧបាសិកា តាត់ ឡឹង ម្តាយបង្កើតនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលមរណភាពនៅវេលាម៉ោង១៤៖៤៥នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

សពឧបាសិកា តាត់ ឡឹង ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឃុំព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕