(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway បានជួបគ្នា ដើម្បីពិភាក្សាគ្រោងដាក់ឲ្យដំណើរការ រថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងពីបាត់ដំបង ទៅសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឲ្យបាននៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ គោលបំណងចូលរួមចំណែកដឹកជញ្ជូនអ្នកដំណើរ និងទំនិញកាន់តែប្រសើរ ជាពិសេសនោះគឺការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ការពិភ្សាការគ្នានេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ រវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូរបស់ក្រុមហ៊ុន Royal Railway ព្រមទាំងភាគីពាក់ព័ន្ធផងដែរនៅទីស្តីការក្រសួង។

គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សា រិះរកមធ្យោបាយពន្លឿនការដាក់ឲ្យដំណើរការសេវាដឹកជញ្ជូន អ្នកដំណើរប្រភេទនេះ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីរំដោះការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាពង្រឹងការដឹកជញ្ជូនតាមរថភ្លើងរបស់កម្ពុជាឡើងវិញផងដែរ។

ជាមួយគ្នានេះផងដែរ អង្គប្រជុំបានយល់ព្រមដោះស្រាយបញ្ហាមួយចំនួនរួមមាន៖ ការដាក់ឲ្យដំណើរការរថភ្លើង ដែលមានស្រាប់របស់ក្រុមហ៊ុន ការរង់ចាំរថភ្លើងដែលកម្មង់ទិញពីប្រទេស មិចស៊ីចកូមកដល់ ការដោះស្រាយខ្លោងទ្វារវត្តនៅមុខព្រលានយន្តហោះ មុនការដាក់ឲ្យដំណើរការ និងការលាបពណ៌ទូរថភ្លើង ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកធ្វើដំណើរ និងការធ្វើផ្លូវកាត់មហាវិថីសហព័ន្ធរុស្សី។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈប្រតិភូក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដែលបានចូលរួមចំណែកជំរុញឲ្យគម្រោងនេះ ដំណើរការឆ្ពោះ ទៅមុខឆាប់រហ័ស៕