(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា ចំពោះប្រជាពលរដ្ឋគ្រប់រូប ដោយមិននិយាយពីរឿង ពណ៌សម្បុរ ឫពូជសាសន៍ទេ ឲ្យតែរស់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងមិនស្លាប់ដោយអត់បាយឡើយ ពីព្រោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំហើយ ផ្ដាំទៀតឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងមិនត្រូវមើលរំលងជាដាច់ខាត ចំពោះជនងាយរងគ្រោះ។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨នេះ នៅសាលាខណ្ឌ ក្នុងពេលលោកដឹកនាំមន្ត្រីក្រោមឱវាទ ពាក់ព័ន្ធមួយចំនួន មកទទួលយកនូវទេយ្យទានមានអង្ករ១តោន ទឹកក្រូច២០កេស ស្ករស៥០គីឡូក្រាម ទឹកដោះគោ១០០កំប៉ុង ទឹកត្រី២០យួរ ទឹកស៉ីអ៉ីវ២០យួរ មី២០កេស ត្រីខ២០យួរ ទឹកសុទ្ធ២០កេស បាឡុង១សម្រាប់ បច្ច័យ៤.០០០.០០០រៀល (បួនលានរៀល) ដោយសរុបទាំងអស់ស្មើនិង ៨.៤៥៥.០០០រៀល (ប្រាំបីលាន បួនសែន ប្រាំម៉ឺន ប្រាំពាន់រៀល) ពីព្រះតេជគុណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះចៅអធិការវត្តញាណរង្សី និងជាព្រះអនុគណខណ្ឌឫស្សីកែវ រាជាគណៈថ្នាក់កិត្តិយស ជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហា សុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្សនាយក នៃព្រះរាជាណាចក្រកម្ពុជា តាមរយះលោក អ៊ំ សំបូរ ប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌ ដែលបច្ច័យ និងគ្រឿងឧបភោគ បរិភោគទាំងនេះ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុកជួយផ្ដល់មកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដើម្បីបន្តចែកជូនជួយសង្គ្រោះ តាមគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងមូលដ្ឋាន។

ក្នុងឱកាសប្រគល់ និងទទួលទេយ្យទានមានជាបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ខាងលើនេះ លោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះប្រធានសហគមន៍នគកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តញាណរង្សី ដោយបានផ្ដល់ជូននូវវប្បធម៌ ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»

លោក ជា ពិសី បានថ្លែងទៀតថា លោកនឹងសន្យាបន្តពាំនាំយកនូវបច្ច័យ រួមជាមួយគ្រឿងឧបភោគបរិភោគ ទាំងនោះ ដើម្បីបន្តចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ មានទាំងអ្នកជំងឺរ៉ាំរ៉ៃចាស់ជរា ពិការភាព ទុរគតជនទីទាល់ក្រ គ្មានទីពឹងជួលផ្ទះគេ ចាំផ្ទះឲ្យគេ បុណ្យសពតាមទីវត្តអារ៉ាម ឫជួបឧបត្តវហេតុផ្សេងៗ «ពោលគឺជនងាយរងគ្រោះ» ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ជាមួយគ្នានេះ ព្រះតេជគុណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះប្រធានសហគមន៍នគកាយវត្តព្រះពុទ្ធសាសនាកម្ពុជា បានមានសង្សដីកាថា សម្រាប់បច្ច័យ និងគ្រឿងឧបភោគបរិភោគ ទាំងអស់គឺបានមកពីវត្តចំនួន៥ ក្នុងខណ្ឌឫស្សីកែវ និងត្រូវជួយផ្ដល់ជាបន្តបន្ទាប់ មកឲ្យអនុសាខាកាកបាទក្រហមកម្ពុជា តាមរយះប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌ លោក អ៊ំ សំបូរ ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីឲ្យគណៈកម្មការអាចារ្យវត្តបានចូលរួម សហការបរិច្ចាគនូវវប្បធម៌ចែករំលែក ដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលមានលោក ជា ពិសី ជាអភិបាលខណ្ឌ ក្នុងបំណងដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស្ស័យ៕