(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ សូមចូលរួមរំលែកទុក្ខជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ចំពោះការទទួលមរណភាពរបស់មហាឧបាសិកា តាត់ ឡឹង នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

ក្នុងសាររំលែកទុក្ខ សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា «​មរណភាពរបស់មហាឧបាសិកា តាត់ ឡឹង គឺជាការបាត់បង់មាតា ជីដូន ប្រ​កបដោយព្រហ្មវិហារធម៌ដែលមានទឹកចិត្តស្រឡាញ់កូនបំផុត អស់ពីចិត្តពីថ្លើម ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីកូនចៅ និងជាការបាត់បង់កុលធីតាខ្មែរមួយរូប ធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេងដែលបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ព្រមទាំងជាឧបាសិកា គឺជា​ពុទ្ធសាសនិកមួយរូប ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វិស័យព្រះពុទ្ធសាសន៍នានៅកម្ពុជា»

សូមបញ្ជាក់ថា ឧបាសិកា តាត់ ឡឹង ម្តាយបង្កើតនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលមរណភាពនៅវេលាម៉ោង១៤៖៤៥នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

សពឧបាសិកា តាត់ ឡឹង ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឃុំព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕