(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ បានប្រកាសថា ខ្លួននឹងរឹបអូសទ្រព្យសម្បត្តិរបស់រោងចក្រចំនួន៩ ដែលបានបិទទ្វារដោយម្ចាស់រត់ចោល ដើម្បីលក់ឡៃឡុងយកថវិកាបើកជូនកម្មករនិយោជិត និងទូទាត់សងថវិកាជាតិវិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨នេះ។

ក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នឹងចាត់វិធានការរឹបអូសទ្រព្យសម្បត្តិរបស់រោងចក្រ ដើម្បីលក់ឡៃឡុងយកថវិកាមកបើកផ្តល់ជូនកម្មករនិយោជិត ឬទូទាត់សងថវិកាជាតិវិញតាមនីតិវិធីពីរ៖

ទី១៖ ចំពោះក្រុមហ៊ុនដែលដួលរលំបិទទ្វារ ហើយម្ចាស់ ឬតំណាងក្រុមហ៊ុននៅមានវត្តមានដោះស្រាយ ទៅតាមនីតិវិធីសម្របសម្រួលគ្នារវាងគ្រប់ភាគីពាក់ព័ន្ធជាពិសេស គឺម្ចាស់ ឬតំណាងក្រុមហ៊ុន ជាមួយនឹងកម្មករនិយោជិត។
ទី២៖ ចំពោះក្រុមហ៊ុនដួលរលំបិទទ្វារ ហើយម្ចាស់ ឬតំណាងក្រុមហ៊ុននៅមានវត្តមាន ប៉ុន្តែគ្មានប្រាក់ដោះស្រាយ ឬអវត្តមានម្ចាស់ក្រុមហ៊ុន ឬតំណាងក្រុមហ៊ុន ក្រសួងនឹងអនុវត្តន៍តាមនីតិវិធីតុលាការ។

សូមជម្រាបជូនថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់រួចហើយនូវ ថវិកាបុរេប្រទានប្រមាណ ៤.៦លានដុល្លារអាមេរិក សម្រាប់យកទៅទូទាត់ប្រាក់បៀវត្ស និងប្រាក់ផ្សេងៗ ជូនបងប្អូនកម្មករ និយោជិតចំនួនជាង ៤ពាន់នាក់ នៃរោងចក្រចំនួន៩ ដែលត្រូវ បិទទ្វារដោយម្ចាស់រត់ចោល៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការងារទាំងស្រុង៖