(ភ្នំពេញ)៖ លោក វ័ន ហាក់ នាយផ្នែកការពារគោលដៅ២ នៃនាយកដ្ឋាននគរបាលការពារ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រើកាំភ្លើង AK47 បាញ់សម្លាប់ខ្លួនឯងចំនួន២គ្រាប់ នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ។
មន្រ្តីនគរបាលនាយកដ្ឋាននគរបាលការពារ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា តាមការសួរនាំជាជំហ៊ានដំបូង ជនរងគ្រោះបានបញ្ចប់ជីវិតរបស់ខ្លួនបែបនេះ ដោយសារមានជំងឺ ផ្លូវចិត្ត ហើយធ្លាប់ចង់សម្លាប់ខ្លួនផងដែរ។
មន្រ្តីនគរបាលបាលបានបញ្ជាក់ថា «លោក វ័ន ហាក់ បានបាញ់សម្លាប់ខ្លួន នៅក្នុងអង្គភាពបង្កការភ្ញាក់ផ្អើលពេញអង្គភាព ដែលនេះអាចមកពីជនរងគ្រោះ មានជម្ងឺផ្លូវចិត្តហើយធ្លាប់ត្រូវបានពេទ្យវៀតណាម បញ្ជូនត្រឡប់មកប្រទេសវិញ នៅពេលលោកទៅរៀននៅប្រទេសវៀតណាម»។
ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ និងនគរបាលអគ្គស្នងការ ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ឆាយ គឺមខឿន ប្រធានសេនាធិការអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅពិនិត្យផ្ទាល់ នៅកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ និងប្រគល់សពជូនជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី៕