(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយប្រកាសអន្ដរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ ស្ដីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា និងសេចក្ដីជូនដំណឹងពីកាតព្វកិច្ចធ្វើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស។

កិច្ចប្រជុំផ្សព្វផ្សាយដែលធ្វើនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងលោក សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្ដនានាជាច្រើនរូបទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីរំលឹកផ្ទាល់ដល់ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ និងក្លឹបកំសាន្ដនានា ដើម្បីជំរុញពលករបរទេសមកធ្វើប័ណ្ណ និងសៀវភៅការងារតាមច្បាប់ជាធរមាន។

ប្រកាសអន្ដរក្រសួងបានបញ្ជាក់ថា ការទទួលយកជនបរទេសធ្វើការងារ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្ដនានា ជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយនៅក្នុងប្រទេសកម្ពុជា ត្រូវគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីអន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារនៃប្រទេសកម្ពុជា។ គ្មានជនបរទេសណាម្នាក់អាចប្រកបមុខរបរណាមួយ ក្នុងប្រទេសកម្ពុជាដោយគ្មានប័ណ្ណ និងសៀវភៅការងារដែលចេញឲ្យដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្ដណាមួយ ដែលទទួលយកពលករបរទេសឲ្យធ្វើការងារ ឬពលករដែលធ្វើការ ឬប្រកបមុខរបរណាមួយដោយគ្មានប័ណ្ណ និងសៀវភៅការងារ ត្រូវធ្វើការផាកពិន័យប្រាក់ និងផ្តន្ទាទោសតាមទោសជំពូកទី១៦ នៃច្បាប់ស្ដីពីការងារ និងផ្ដន្ទាទោសតាមទោសប្បញ្ញត្តិជំពូកទី៥ និងការបណ្ដេញចេញ តាមជំពូកទី៦ នៃច្បាប់ស្ដីពីអន្ដោប្រវេសន៍៕