Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពេញ១ខែកុម្ភៈ កម្លាំងនគរបាលចរាចរណ៍ ត្រួតពិនិត្យយានយន្តបានជាង១០​ម៉ឺន​គ្រឿង រកឃើញយានយន្តល្មើសជាង១ម៉ឺនគ្រឿង និងផាកពិន័យជិត៦ពាន់គ្រឿង

01-03-2018 07:14

(ភ្នំពេញ)៖ រយៈពេលពេញ១ខែកុម្ភៈ ឆ្នាំ២០១៨ ពោលគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់បានយានយន្ដ ត្រួតពិនិត្យចំនួន ១០៦,០៣៦គ្រឿង រកឃើញយានយន្តល្មើស ១៤,៣៣៦គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៨,៤៥៩គ្រឿង និងផាកពិន័យ៥,៨៧៧គ្រឿង (ម៉ូតូ៨៩ភាគរយ)។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រួតពិនិត្យបានសរុបរួម ចំនួន៤៦,០៩១គ្រឿង អប់រំ៤,១៦១គ្រឿង និងផាក់ពិន័យចំនួន៣,៦០២គ្រឿង។

របាយការណ៍បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់លទ្ធផលត្រួតពិនិត្យយានយន្ដ នៅរាជធានីភ្នំពេញ រយៈពេល១ខែកុម្ភៈ ឆ្នាំ២០១៨នេះ សមត្ថកិច្ចឃាត់យានយន្ដសរុបចំនួន ១៤,៤៦៥គ្រឿង៕