(ភ្នំពេញ)៖ ក្នុងនាមមិត្តអ្នកអានម្នាក់ នាយខ្វែកខ្ញុំសូមគាំទ្រនូវការបញ្ចេញមតិរបស់លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មានដែល លោកបានសរសេរនៅក្នុងអាកខោនហ្វេសប៊ុករបស់លោកមានខ្លឹមសារថា «សូមទោសជាមុនដែលមាត់ ខ្ញុំទទួលទានអំបិល ប្រហុក ហេតុនេះចេះតែរពិសមាត់។ យើងតែងប្រាប់ប្រជាជនថា កុំខឹងគោវាយរទេះ ពោលគឺបុគ្គល ម្នាក់ធ្វើខុស តែមកស្អប់រាជរដ្ឋាភិបាលនោះមិនត្រូវទេ។ តែដល់ភ្ញៀវធ្វើខុសនៅក្នុងហាង អ្នកខុសអត់មានទោស តែបិទ ហាងទាំងមូល។ ណឹងមិនយើងប្រាប់រាស្ត្រផ្សឹង តែយើងធ្វើផ្សេង?»។
ខ្លឹមសារនេះ ថ្វីត្បិតលោកមិនបានសរសេររិះគន់ចំៗក៏ពិតមែន តែគេដឹងថាអត្ថន័យគឺ លោកចង់ធ្វើការរិះគន់ទៅដល់មន្ត្រី អាជ្ញាធរមានសមត្ថកិច្ច ដែលលើកគ្នាចុះទៅបិទក្លឹបខារ៉ាអូខេកូឡូសូកាលពីពេលថ្មីៗនេះ ក្រោយបែកធ្លាយឃ្លិបវីដេអូសកម្មភាព រាំស្រាតល្វែងលើ នៅក្នុងក្លឹបខារ៉ាអូខេដោយ លោកហៅចំណាត់ការនេះថា « ខឹងគោទៅវាយរទេះ » ភ្ញៀវធ្វើខុសអត់មានទោស ទៅដាក់ទោសម្ចាស់ក្លឹបទៅវិញ។
ជាមតិករណីរាំស្រាតនៅក្នុងក្លឹបខារ៉ាអូខេខាងលើនេះ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចមិនគួរអនុវត្តត្រឹមវិធានរដ្ឋបាល ដោយធ្វើការបិទក្លឹបជាបណ្ដោះអាសន្ននោះទេ សមត្ថកិច្ចគួរតែធ្វើការស្រាវជ្រាវរកឬសគល់នៃមូលហេតុអោយឃើញ ផងដែរ ដើម្បីមានចំណាត់ការតាមច្បាប់ បើទោះបីមិនមានពាក្យបណ្ដឹងពីជនរងគ្រោះក៏ដោយ។ ការស្រាវជ្រាវរកមូលហេតុពិត ក្នុងករណីអនុញ្ញាតអោយមានការរាំស្រាតនៅក្នុងក្លឹបដែលជាសកម្មភាពអាសអាភាសត្រូវបានរាជរដ្ឋាភិបាលហាមឃាត់នេះ ត្រូវបានគេមើលឃើញថាវាមិនពិបាកនោះទេ ព្រោះទាំងស្ត្រីរាំស្រាត ទាំងភ្ញៀវដែលចូលទៅផឹកស៊ីរាំច្រៀងនៅក្នុងក្លឹប ខារ៉ាអូខេនោះក៏ត្រូវបានគេស្គាល់តម្រុយអត្តសញ្ញាណ មួយចំនួនរួចទៅហើយតាមរយៈរូបវីដេអូថតសកម្មភាពក្នុងបន្ទប់ផ្ទាល់។
ដូច្នេះសមត្ថកិច្ចអាចស្រាវជ្រាវ នឹងកោះហៅបុគ្គលទាំងអស់នោះមកសួរនាំថាតើទង្វើខាងលើមានការដឹងឮនិងអនុញ្ញាតពីម្ចាស់ ទីតាំងឬអត់?តើការរាំអាក្រាតកាយរបស់ស្ត្រីខាងលើ ធ្វើឡើងតាមការស័្មគ្រចិត្តឬធ្វើឡើងតាមការគំរាមគំហែង និងបង្ខិតបង្ខំឬ ទិញដូរដោយទឹកប្រាក់?តើការថតរូបសកម្មភាពរាំស្រាតនោះ មានការអនុញ្ញាតពីសាមីខ្លួនឬអត់?ហើយការធ្វើអោយបែកធ្លាយ វីដេអូរាំស្រាតខាងលើវាជាចេតនាឬអចេតនា?។
សរុបសេចក្ដីមក ការបែកធ្លាយរូបភាពវីដេអូរាំអាក្រាតកាយ និងសកម្មភាពតាមបែបអាសអាភាស អានាចារនៅក្នុងក្លឹបខារ៉ាអូខេ កូឡូសូខាងលើនេះ វាបង្ហាញអោយឃើញពីតម្រុយនៃបទល្មើសជាច្រើន អាចរួមទាំងស្ត្រីរាំស្រាត ទាំងភ្ញៀវ រួមទាំងម្ចាស់ទីតាំងផងដែរ។ ដូច្នេះដើម្បីវែករកមុខអ្នកប្រព្រឹត្តល្មើសដោយផ្ទាល់នាំយកទៅផ្ដន្ទាទោសតាមច្បាប់ និងដើម្បីកុំអោយករណីនេះ កើត មានតទៅទៀត សមត្ថកិច្ចគួរតែបើកការស៊ីបអង្គេតរកការពិតអោយឃើញ ជៀសវាងជនរងគ្រោះក្លាយទៅជាជនល្មើស ជន ប្រព្រឹត្តលើ្មសក្លាយទៅជាជនរងគ្រោះទៅវិញ៕ នាយខ្វែក