(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅលើលោកនេះ គ្មានភ្ញៀវទេសចរណា ទៅលេងកម្សាន្ត នៅក្នុង ប្រទេសកម្ពុជាឡើយ គឺភ្ញៀវទេសចរទាំងនោះ ដើរកម្សាន្តតែនៅប្រទេសមានសន្តិភាព ស្ថិរភាព និងគ្មានភ្លើងសង្រ្គាមតែប៉ុណ្ណោះ។ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ជាធាតុដ៏សំខាន់សម្រាប់ធានាបានថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារថ្មីរបស់ក្រសួងទេសចរណ៍ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ជាធាតុដ៏សំខាន់សម្រាប់ធានាបានថា កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខសណ្តាប់របស់កម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។
សម្តេចតេជោ បានថ្លែងថា គ្មានអ្នកទេសចរណាទៅលេងកម្សាន្តនៅប្រទេស ដែលមានសង្គ្រាមនោះឡើយ។ សម្តេចបានបញ្ជាក់ទៀតថា កម្ពុជា បានឈឺចាប់ឆ្អែតឆ្អន់ ហើយដោយសារ ភ្លើងសង្គ្រាម។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា មិនត្រឹមតែទប់ស្កាត់ភេរវកម្មនោះទេ សូម្បីតែចោរកម្ម នៅតាមតំបន់ទេសចរណ៍ ក៏ត្រូវទប់ស្កាត់ផងដែរ។
ដោយសារតែស្ថិរភាពនយោបាយ និងសន្តិសុខ នៅក្នុងប្រទេស បូករួមទាំងសម្បត្តិបេតិកភណ្ឌជាតិសំបូរបែបជាច្រើន បានធ្វើឱ្យកម្ពុជា មានកំណើន ភ្ញៀវទេសចរជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ ៥.៦លាននាក់ ដែលកើនឡើងពីឆ្នាំ២០១៦ចំនួន ១១.៨ភាគរយ ក្នុងនោះភ្ញៀវទេសចរចិន បានជាប់ចំណាត់ថ្នាក់លេខ១ បើធៀបនឹងភ្ញៀវទេសចរបរទេសផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅឆ្នាំ២០២០ ខាងមុខ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ ៧លាន បង្កើតបានប្រាក់ចំណូល ៥ពាន់លានដុល្លារ និងផ្តល់ការងារដោយផ្ទាល់ជិត ១លាននាក់ ហើយនៅឆ្នាំ២០៣០ នឹងទទួលបានភ្ញៀវ១៥លាននាក់ រកប្រាក់ចំណូល ១០ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់បានប្រមាណ ២លាននាក់។
សម្តេចតេជោ មានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរនឹងមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត នៅពេលមានការវិនិយោគលើវិស័យទេសចរណ៍កាន់តែច្រើន ជាពិសេសការតភ្ជាប់ផ្លូវនៅតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក...។ សម្តេចជឿជាក់ថា កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ ជាមួយនឹងស្នាមញញឹម រួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអរសាទរទីក្រុងបាត់ដំបង ទីក្រុងកែប និងទីក្រុងសៀមរាប បានទទួលជ័យលាភី ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី១ ក៏ដូចជាទីក្រុងដែលទទួលបានជយលាភីទីក្រុងស្អាត៕