(ភ្នំពេញ)៖ លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ និងជាប្រធានអង្គការ UNDP ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ និងចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងអបអរសាទរចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជាដែលអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍសហសវត្សមុនកាលកំណត់។
ការវាយតម្លៃរបស់ប្រធាន UNDP ប្រចាំកម្ពុជាធ្វើឡើងនាឱកាសដែលលោកស្រីត្រូវបានអនុញ្ញាត ឲ្យចូលជួបចូលជួបសវនការ ជាមួយបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជម្រាបជូនអំពី លទ្ធផលបេសកកម្មការងារ និងជម្រាបលាក្នុងឱកាសដែលលោកស្រី ត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា នារយៈពេលមួយខែទៀតនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកស្រី Claire Van der Vaeren ក៏បានរាយការណ៍អំពីវឌ្ឍនភាព នៃបេសសកម្មរបស់ក្រុមភ្នាក់ងារ អង្គការសហប្រជាជាតិនៃកម្ពុជា ដែលបាន រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស, ការគាំពារសង្គម, ការពង្រឹងអភិបាលកិច្ចល្អ, និងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល កម្ពុជាផងដែរ។ លោកស្រីបានឲ្យដឹងទៀតថា ក្រុមភ្នាក់ងារអង្គការសហប្រជាជាតិប្តេជ្ញា នឹងបន្តគាំទ្រកិច្ចអភិវឌ្ឍនៅកម្ពុជា និងពង្រឹងភាពជាដៃគូសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍ចំពោះសុភវិនិច្ឆ័យ របស់ក្រុមភ្នាក់ងារអង្គការ សហប្រជាជាតិចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្តែងឡើងតាមរយៈការបង្ហាញជំហរច្បាស់លាស់ក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្ដីក៏ត្រៀមខ្លួនជាស្រេច ក្នុងការបន្តសហប្រតិបត្តិការនេះជាមួយ អ្នកបន្តវេនរបស់លោកស្រី Claire Van der Vaeren ផងដែរ។
ជាមួយគ្នានោះ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលកំពុងសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាង
រឹងមាំជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងនោះកម្ពុជាកំពុងបន្តដំណើរយ៉ាងស្វាហាប់ តម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យ ក្នុងឆ្នាំ២០៥០ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ ដោយបានកំណត់យកឆ្នាំ២០៣០ជាឆ្នាំគោល ដែលត្រូវសម្រេចឱ្យបាននូវលទ្ធផលជាសារវ័ន្ត នៃកំណែទម្រង់សំខាន់ៗ និងការប្រែក្លាយជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់៕