(ពោធិ៍សាត់)៖ ករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា បានបណ្តាលឲ្យមនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងរបួសធ្ងន់ស្រាលចំនួន៤នាក់ និងធ្វើឲ្យដំណើរផ្សេងទៀត ព្រលឹងចុងសក់។
លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ ឲ្យដឹងថា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តម៉ាក គារ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-2130 របស់ក្រុមហ៊ុន (ភ្នំពេញ) អ្នកបើកបរ (រត់គេចខ្លួន) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិច ឆ្ពោះទៅទិសខាងកើត ទៅដល់ចំណុចកើតហេតុ បានរេចង្កូតធ្លាក់ចូលស្នាមភ្លោះ ក្រឡាប់ផ្ងារតែម្ដង បណ្ដាលឲ្យអ្នករួមដំណើររងរបួសចំនួន៣នាក់ ចំណែកច្រើននាក់ផ្សេងទៀតព្រលឹងចុងសក់។
ដោយឡែក លោកវរសេនីយ៍ទោ នាង វុធ អធិការនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានថ្លែងថា នៅវេលាម៉ោង១១៖២៥នាទីយប់ យប់ថ្ងៃដដែលក៏មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយលើកទៀត បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២១៧.២១៨ ស្ថិតក្នុងភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខពេញ 3D-6719 ក្រុមហ៊ុន (cambodia ) អ៊ិចប្រេសបើកបរដោយឈ្មោះ ត្រេង ដារា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅរាជធានីភ្នំពេញ ស្លាប់ភ្លាមៗ ដោយគៀបជាប់នៅក្នុងកាប៊ីនរថយន្ត និងព្រូឈ្មោះ ហង្ស សុភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅរាជធានីភ្នំពេញ (ធ្ងន់) បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានជ្រុលបុកគូថ រថយន្តកុងតឺន័រម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A-2754 អ្នកបើកបរ (រត់គេចខ្លួន) ដែលកំពុងខូច និងចតស្ងៀមនៅលើផ្លូវពេញទំហឹងតែម្ដង។
ភ្លាមៗ នោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្តត្រូវសមត្តកិច្ចយកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំធ្វើការដោះស្រាយតាម នីតិវិធីនៃច្បាប់ពេលក្រោយ៕